ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖គាំទ្រដល់ការប្តេជ្ញាចិត្តរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញលើការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាខណ្ឌទាំង១៤ដែលឯកឧត្តមចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់
ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាខណ្ឌទាំង១៤ ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រទេសមួយដែលមានសណ្តាប់ធ្នាប់ គឺគេឱ្យតម្លៃមុនគេរួចទៅហើយ អញ្ចឹងហើយយើងឃើញថា ដោយសារតែជីវភាព ដោយសារតែក្រពះ ចិញ្ចើមថ្នល់ ឬផ្លូវមួយចំនួន ត្រូវបានរំលោភ ។
ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះនៅសណ្ឋាគារសុខាភ្នំពេញ ។
ក្នុងនោះឯកឧត្ដមសូមឱ្យយើង អង្គុយមើលនិងគិតទាំអស់គ្នា តាមបណ្តាខណ្ឌនីមួយៗ ហើយលើកគម្រោងនេះជារួមរៀបចំផ្លូវថ្មើរជើងតាមខណ្ឌនីមួយៗដើម្បីយើងចូលរួមដាក់ថ្នាំឱ្យត្រូវ ព្រោះយន្តការនេះ បើយើងអត់ធ្វើទេ ឆ្នាំ២០៣០ ធ្វើលែងចេញហើយ ជាពិសេសនៅភ្នំពេញ រកតែកន្លែងផ្លូវដើរ ក៏ដើរលែងកើតដែរ មានតែដើរលើថ្នល់” ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានណែនាំ ឱ្យអាជ្ញាធររាជធានីភ្នំពេញ ផ្តោតយកចិត្តទុកដាក់ ទប់ស្កាត់ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ ខណៈគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នកាន់តែសាហាវជាងមុន និងឱ្យផ្តោតយកចិត្តទុកដាក់កិច្ចការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាពិសេសលើចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំង១៤ ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានបន្តកើតឡើងជារៀងរាល់ថ្ងៃ និងបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ។តាមការវាយតម្លៃផ្ទាល់របស់ឯកឧត្ដម បច្ចុប្បន្ននេះ បរាជ័យភាគច្រើន គឺដោយសារចំនួនអ្នកស្លាប់ប្រចាំថ្ងៃ រៀងរាល់ថ្ងៃនេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដូច្នេះការកាត់បន្ថយ៥០% ចំនួនលើ១៩៥២នាក់ ក្នុងឆ្នាំ២០២៤នេះ ឯកឧត្ដមរដ្ឋមន្ត្រីគិតថា នឹងពិបាក ហើយគ្រោះថ្នាក់ចរាចរណ៍ទៀតសោធ យើងឃើញថា កាន់តែសាហាវជាងមុន បុកបន្តិចបន្តួចស្លាប់ម្តងម្នាក់ ទៅ២នាក់យ៉ាងតិច។
ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងថ្មីៗនេះ លើផ្លូវ៦០ម៉ែត្រ ដែលមានទៅដល់ ២ ទៅ៣ករណី ហើយបង្កឱ្យមានអ្នករបួស និងអ្នកបាត់បង់ជីវិតថែមទៀត ។ ការស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋ ដែលបង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៍ទៀតសោត ឯកឧត្តម ស សុខា ចាត់ទុកថា ជាការបំផ្លិតបំផ្លាញនូវធនធានមនុស្ស ដែលផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចង់បាន។
ក្នុងសន្និបាតនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរាយការណ៍ពីដំណើរការនៃអង្គសន្និបាតដែលមានអ្នកចូលរួមជាង១០០០នាក់ ហើយក្នុងដំណើរការនៃអង្គសន្និបាត២ថ្ងៃនេះបានលើកឡើងពីរបាយការណ៍ឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥ និងបានលើកយកប្រធានបទចំនួន៦ មកពិភាក្សា។អង្គសន្និបាតបានពិនិត្យឃើញថា បញ្ហាប្រឈមសំខាន់លើប្រធានបទ គឺពាក់ព័ន្ធនឹងកត្តាមនុស្ស និងផលប្រយោជន៍ឯកជន ដូច្នេះវិការធានការចំពោះមុខ ដែលត្រូវរួមគ្នាអនុវត្ត គឺបន្តខិតខំផ្សព្វផ្សាយ និងរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក លើកទឹកចិត្តឱ្យមានការរៀបចំចំណតសាធារណៈ បន្តខិតខំអនុវត្តហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ចំនួន៣ទន្ទឹមគ្នាគឺសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់អ្នកលក់ដូរ ។
ឯកឧត្ដមអភិបាលរាជធានីបានគូសបញ្ជាក់ដែរថា ចំពោះមុខទោះបីកិច្ចការងារនេះ មានភាពស្មុគស្មាញ និងត្រូវប្រឈមមុខ នឹងផលប្រយោជន៍ ឯកជនរបស់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម អង្គភាព និងវិស័យឯកជនមួយចំនួនក្តី ប៉ុន្តែជាច្ឆន្ទៈ និងជាជំហរដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវតែអនុវត្តកិច្ចការងារនេះ ដោយឥតរាថយ៕