ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី រៀបចំ វាយ គង ទូងស្គរ ដើម្បីអបអរសាទរការដាក់ល្ខោន ខោល ជាសម្បត្តិបេតិកភណ្ឌ អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូពិភពលោក

55

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ កាលពីម៉ោង២២និង០០នាទីយប់ថ្ងៃសុក្រ ៨រោចខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០១៨បានរៀបចំ វាយ គង ទូងស្គរ ដើម្បីអបអរសាទរការដាក់ល្ខោន ខោល ជាសម្បត្តិបេតិកភណ្ឌ អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូពិភពលោក។

    ពិធីអបអរសាទរនេះ ធ្វើឡើងដោយមានការចូលរួមពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីជាច្រើននាក់ទៀត។

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានបញ្ជាក់ថា ល្ខោនខោល ពិតជាសម្បត្ដិវប្បធម៏របស់ខ្មែរ និងជាមោទនភាពជាតិខ្មែរ វប្បធម៌អរូបីរបស់ខ្មែរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីសម្រាប់មនុស្សជាតិទូទៅ ត្រូវបាន អង្គការយូណេស្កូ ចាត់ទុកជាសម្បត្ដិវប្បធម៏របស់ខ្មែរ ។

   សូមអបអរសាទរ “ល្ខោនខោល” ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីសម្រាប់មនុស្សជាតិទូទាំងពិភពលោក។

     នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្នូរវាយគង ទូងស្គ ទះប៉ោត និងគោះត្រដោក បានបន្លឺឡើងនៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃការដាក់បញ្ចូល ល្ខោនខោល ចូលក្នុងបញ្ជីបេតិកភ័ណ្ឌ អរូបីយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

  ល្ខោនខោល ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

   សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។

 សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់បញ្ចូល ល្ខោនខោល ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។

   ល្ខោនខោលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាស្នាដៃសិល្បៈបុរាណដ៍វិសេសវិសាលអស្ចារ្យ និង មានតំលៃជាសាកល។  ល្ខោនខោល គឺជាបេតិកភ័ណ្ឌទី៥ ហើយដែលបានទទួលនូវឋានៈដ៍ឧត្តុង្គឧត្តម បន្ទាប់ពីការបញ្ចូល ប្រាសាទសំបូរព្រៃគុក​ ក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧​កន្លងទៅ។ បេតិកភ័ណ្ឌផ្សេងទៀត ដែលត្រូវបានបញ្ចូលក្នុងបញ្ជីរសម្បត្តិវប្បធ៌មពិភពលោក  រួមមាន៖ ប្រាសាទអង្គរវត្ត នៅឆ្នាំ១៩៩២ ,របាំក្បាច់បុរាណខ្មែរ ( របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣ និង ប្រសាទព្រះវិហារ នៅឆ្នាំ២០០៨៕

 

អត្ថបទដែលជាប់ទាក់ទង