ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ​ក្រាលកៅស៊ូ​ និងក្រាល​ក្រួសក្រហម​ ២៩ខ្សែ​​មាន​ប្រវែង​៧៨៥គីឡូម៉ែត្រ​នៅទូទាំង​ខេត្តព្រះវិហារ​ ដែល ទទួលរងការខូចខាតដោយ​សារ​ទឹកភ្លៀងបាន​ធ្វើ​ការថែទាំ​ និង​ជួសជុលរួចរាល់​ ១០០%ហើយ​

98

ព្រះ​វិហារ​៖ លោក សំ លាងទ្រីប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត​ព្រះ​វិហារ​ បានអោយដឹងនៅថ្ងៃទី​០១/១២/២០១៨នេះថា  ផ្លូវ​ក្រាលកៅស៊ូ​ និងក្រាល​ក្រួសក្រហម​ចំនួន​ ២៩ខ្សែ​​មាន​ប្រវែង​សរុប​​ ៧៨៥គីឡូម៉ែត្រ​ នៅទូទាំង​ខេត្តព្រះវិហារ​ ដែល​គ្រប់គ្រងដោយមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត​ព្រះ​វិហារ​ ហើយ​បានខូចខាតដោយ​សារ​ទឹកភ្លៀង​ជោគ​ជាំនារដូវវស្សាកន្លងទៅ​ ពេល​នេះ​ មន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត បាន​ធ្វើ​ការថែទាំ​ និង​ជួសជុលរួចរាល់​ ១០០%ហើយ​ ដើម្បីអោយប្រជាពលរដ​្ឋ​ ងាយស្រួលក្នុងការធ្វើដំណើរ​ ដឹក​ជញ្ជូន​ទំនិញ​ កសិផល​ទៅលក់នៅទីផ្សារ​ ក្នុង​របរចិញ្ចឹមជីវិត​ ជាពិសេស​ងាយ​ស្រួល​ ក្នុង​ការ​ធ្វើ​ដំណើរ​បំពេញ​បេសកកម្ម​របស់​កងកម្លំាង​នៅតាម​ព្រំដែន​។ 

    លោកសំ លាងទ្រី ក៏បានសូម​អធ្យាស្រ័យ​ពី​សំណាក់​ពុកម៉ែ​ បងប្អូន​ ប្រជាពលរដ្ឋ​ដែល​បានធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើ​នាពេលកន្លងទៅ​ ហើយជួបការលំបាកក្នុងការធ្វើដំណើរលើកំណាត់ផ្លូវមួយចំនួន​ ដែល​ក្រុម​ការងារ​ របស់លោកជួសជុល​មានការ​យឺតយ៉ាវ​។ បច្ចុប្បន្ន​នេះ​ ផ្លូវ​ទាំងអស់​នោះ​ ត្រូវ​បាន​​ធ្វើ​​ការថែទាំ​ និង​ជួសជុល​​រួចរាល់​ហើយ​ បន្ទាប់​ពី​អស់​ទឹក​ភ្លៀង​។ 

   លោកសំ លាងទ្រីបានបន្ថែមទៀតថា មន្ទីរសាធារណការ​ ​និងដឹកជញ្ជូន​ខេត្តព្រះវិហារ​ នៅតែ​បន្តយកចិត្តទុកដាក់​ថែទាំផ្លូវទាំងអស់នេះ​ ដូចជា​លុប​ស្នាម​ប្រេះ​ ស្រុត​ សម្អាត​រុក្ខជាតិ​តាមដងផ្លូវ​ កៀរសម្រួលផ្លូវក្រួក្រហមជាដើម​ ។ល។ 

   លោកសំ លាងទ្រី ក៏បានសូមជូនពរពុកម៉ែ​ បងប្អូន​ ប្រជាពលរដ្ឋ​ ទាំងឡាយដែលអញ្ជើញមកពីទីជិតឆ្ងាយ​ សូមមានកម្លាំង​មាំមួន​ និងសុខសុវត្ថិភាព​ក្នុងការធ្វើដំណើរ៕

 

អត្ថបទដែលជាប់ទាក់ទង