ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង»

32

ព្រះសីហនុ៖ «ឆ្នេរព្រែកត្រែង» គឺជាកន្លែងកំសាន្ត និងលម្ហែដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ក្នុងចំណោមឆ្នេរជាច្រើននៅខេត្តព្រះសីហនុ ហើយក៏ជាខេត្តដែលរាជរដ្ឋាភិបាលបានសម្រេច ឱ្យមានការសិក្សា និងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលបានកំណត់នៅក្នុង គោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ ធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តឆ្នេរព្រែកត្រែង ត្រូវបានអភិវឌ្ឍន៍ជារមណីយដ្ឋានឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង»។
ជាក់ស្តែងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) និងលោកជំទាវបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» ជាគម្រោងស្តារលើកកម្ពស់សោភ័ណភាពឆ្នេរ រៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់សម្រាប់សាធារណជន និងទេសចរ ដោយមានតំបន់សុវត្ថិភាពសម្រាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្មាំសមុទ្រ សម្រាប់ការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកម្សាន្ត។
រៀបចំសួនច្បារសាធារណៈ ដាំដើមឈើបណ្តាញបៃតង និងកន្លែងពិកនិកកម្សាន្ត នៅលើដីចំណីឆ្នេរសមុទ្រសម្រាប់សាធារណជន និងទេសចរ រៀបចំផ្លូវថ្មើរជើងដោយមានផ្លូវសម្រាប់ជនមានពិការភាព នៅលើដីចំណីឆ្នេរសមុទ្រ ស្របតាមបណ្តោយឆ្នេរសមុទ្រមានកន្លែងអង្គុយលម្តែ កន្លែងលេងកីឡា មានម្ហូបដែលមានស្តង់ដាអន្តរជាតិ សម្រាប់សាធារណជន និងទេសចរ រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសម្រាប់ជនមានពិការភាព។
ជាមួយគ្នានេះ ក៏មានការជួសជុលកែលម្អកញ្ចុះចាស់ៗដែលមានស្រាប់សម្រាប់សាធារណជន និងទេសចរ ដំឡើងឆត្រប្រក់ស្បូវសម្រាប់សាធារណជន និងទេសចរ រៀបចំចំណតរថយន្ត និងចំណតយានយន្ត សាធារណៈនៅក្នុងតំបន់រណប។
រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេក ទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាមស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។
នៅពេលសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» រួចរាល់ ខេត្តព្រះសីហនុ និងកាន់តែមានការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើនបន្ថែមទៀតមកលេងកម្សាន្តនិងការអភិវឌ្ឍកាន់តែច្រើនឡើងនៅខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង