ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

24


ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។
វេទិកានេះដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប), គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។
ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានឱ្យដឹងថា វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ផ្អែកតាមគំនិតផ្តួចផ្តើមនេះ គ.ជ.អ.ប. បានរៀប ចំឯកសារទស្សនទានសម្រាប់ការរៀបចំវេទិកានេះ ហើយក៏ទទួលបានការឯកភាពពី សម្ដេចមហាធិបតីនាយករដ្ឋមន្តី តាមសេចក្ដីជូនដំណឹងរបស់ទីស្តីការ គណៈរដ្ឋមន្ត្រីចុះ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ផ្អែកតាមគោលការណ៍ឯកភាពរបស់រាជរដ្ឋាភិបាល គ.ជ.អ.ប. បានរៀបចំ និងដាក់ចេញ នូវសេចក្ដីណែនាំស្តីពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងផែនការសកម្មភាពសម្រាប់អនុវត្ត។ វេទិកា នេះ ត្រូវរៀបចំរៀងរាល់៣ឆ្នាំម្ដង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤ ក្នុងគោលបំណងវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន ចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា ដំណើរការរៀបចំវេទិកានេះត្រូវអនុវត្តទៅតាមជំហានសំខាន់ៗចំនួនបី រួមមាន៖
ជំហានទី១៖ ការរៀបចំវេទិកានៅថ្នាក់ក្រោមជាតិ ដែលជំហាននេះត្រូវរៀបចំនៅថ្នាក់ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងនៅថ្នាក់រាជធានី ខេត្តនីមួយៗ។
ជំហានទី២៖ ការរៀបចំកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនានានៃគ.ជ.អ.ប. និងការរៀបចំ កិច្ចប្រជុំគ.ជ.អ.ប.ជំហានទី៣៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបាន និងកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធមនាពេលនេះ។
ក្នុងជំហាននីមួយៗផ្ដោតលើការពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៧ ដែល
ពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖
១៖ ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងារ ។
២៖ ស្ថានភាពនៃការផ្ទេរ និងការអនុវត្តមុខងារ
៣៖ ស្ថានភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស។
៤៖ ការគ្រប់គ្រង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ។
៥៖ ទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាពផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាង។
រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយស្ថាប័នថ្នាក់ជាតិ និងជាមួយប្រជាពលរដ្ឋ។
៦៖ ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋាន។
៧៖ ការគាំទ្រ តាមដាន ត្រួតពិនិត្យ វាយតម្លៃ ការធ្វើអធិការកិច្ច និងសវនកម្ម៕

អត្ថបទដែលជាប់ទាក់ទង