បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ ធ្វើនៅខេត្តតាកែវ, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកពីគោលបំណង៣សំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍
តាកែវ៖ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យទន្លេ នៅខេត្តតាកែវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ និងឯកឧត្ដមលោកជំទាវជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួង ប្រធានអនុគណៈកម្មការ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិការសឹករងខេត្ត និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តចូលរួមជាច្រើននាក់ផងដែរ។
ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដមហួត ហាក់ បានគូសរំលេចអំពី គោលបំណងសំខាន់ៗចំនួន៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេរួមមាន៖
ទី១៖ ដើម្បីជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ
ទី២៖ ចូលរួមគាំទ្រគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា
ទី៣៖ បំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត៕