ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្រសួងមុខងារសាធារណៈណែនាំ ពីការ បើក ប្រាក់ខែជូនមន្ត្រីរាជការក្នុងខែមេសា និងឧសភា
ភ្នំពេញ៖មរតកស្មារតីសម្តេចតេជោ គិតគូរមន្ត្រីរាជការក្នុងឱកាសបុណ្យប្រពៃណីជាតិ នៅតែបន្តអនុវត្ត,ក្រសួងមុខងារសាធារណៈ បានណែនាំឱ្យបើកប្រាក់បៀវត្ស សម្រាប់ ខែមេសា និងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំថ្មី៥ម៉ឺនរៀល ជូន មន្ត្រីរាជការ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា។ សម្រាប់ខែឧសភា វិញ គឺត្រូវបើក ក្នុង សប្តាហ៍ទី១ សម្រាប់ការបើកប្រាក់បៀវត្សលើកទី១ ហើយលើកទី២ ត្រូវធ្វើក្នុង សប្តាហ៍ទី៣។
ដោយឡែកការបើកផ្ដល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ គឺត្រូវ អនុវត្ត តាម នីតិ វិធីដែលបានកំណត់ជាធរមាន។
សូមបញ្ជាក់ថា ការកំណត់ឱ្យបើកប្រាក់បៀវត្សជូនមន្ត្រីរាជការក្នុងខែមេសា និងឧសភា ពិសេសជាងខែដទៃ ត្រូវបានអនុវត្តតាមស្មារតីនៃការដឹក នាំរបស់ សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រី។
ការអនុវត្តបែបនេះត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ការអនុវត្តបែប នេះ ព្រោះសម្តេចតេជោ ហ៊ុន សែន គិតបារម្ភដល់មន្ត្រីរាជការខ្វះខាតថវិកា ដែលត្រូវចំណាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ មិនត្រឹមបារម្ភរឿងខ្វះថវិកាចាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ សម្តេចតេជោ ក៏បារម្ភដល់មន្ត្រីខ្វះថវិកាចាយក្រោយបុណ្យចូលឆ្នាំថ្មីថែមទៀតផង។ អ៊ីចឹងហើយ ទើបសម្តេចណែនាំឱ្យបើកប្រាក់បៀវត្សក្នុងខែឧសភា លឿនជាងខែដទៃ៕