ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនអនុញ្ញាតឲ្យប្រើពាក្យអសុរស ក្នុងន័យប្រមាថ មាក់ងាយ និងរើសអើងជនមានពិការភាព

126


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ ក្នុងការរុះរបាំងឧបសគ្គនានា ដើម្បីបង្កើនឱកាស ដល់ជនមានពិការភាព រួមទាំងបង្កើតនូវយុទ្ធនាការ ប្រើប្រាស់ភាសាលើកទឹកចិត្ត ដល់ជនមានពិការភាព ដោយមិនអនុញ្ញាតឲ្យប្រើពាក្យអសុរស ក្នុងន័យប្រមាថ មាក់ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ ស្ដីពីការកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩មក។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។ សារលិខិតនៅព្រឹកថ្ងៃទី៣ ខែធ្នូ សម្ដេចចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្ដរជាតិ ឆ្នាំ២០១៨នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ លើកកម្ពស់សិទ្ធិជនមានពិការភាព ធានដល់ការធ្វើបរិយាប័ន្ន និងសមភាព។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា ទិវានេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរភាពជោគជ័យ នៃវិស័យពិការភាពនៅកម្ពុជា ហើយបន្ដបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្ដិសិទ្ធិភាព នៃការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុញ្ញាស្ដីពីសិទ្ធិជនពិការ ទស្សវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ដ្រអ៊ីនឈាន់ ធ្វើឲ្យសិទ្ធិក្លាយជាការពិត ក៏ដូចជាផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព២០១៤-២០១៨។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សុខុមាលភាពរបស់ជនមានពិការភាព ក៏ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ស្របតាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ជនមានពិការភាព ត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ដោយគិតក្នុងឆ្នាំ២០១៨នេះ ជនមានពិការភាព បានចូលបម្រើការងារសរុបចំនួន ២.៨៣៩នាក់ ស្ដ្រីមានពិការភាព ចំនួន៧៥៦នាក់ ក្នុងនោះពិការកម្រិតធ្ងន់មាន ចំនួន១.៤៧៨នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប៤.៤៧១នាក់ ស្មើនឹង១,៩៣ភាគរយ ហើយបច្ចុប្បន្នគ្រប់ក្រសួងស្ថាប័នរដ្ឋកំពុងជ្រើសរើសឲ្យគ្រប់តាមអត្រាកំណត់ ចំនួន២ភាគរយ នៅក្នុងឆ្នាំ២០១៩។

ទិវាជនមានពិការភាពកម្ពុជាលើកទី២០​ និងទិវាជនមានពិការភាពអន្តរជាតិ​ លើកទី៣៦ ថ្ងៃ៣ធ្នូ ត្រូវ​ប្រារព្ធ​ឡើង ដើម្បី​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​ពិការភាព ដោយ​ផ្តោតលើ​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជនពិការ​នូវ​លទ្ធភាព​ប្រើប្រាស់​បាន​នៅតាម​ទីសាធារណៈ និង​ឯកជន ក៏ដូចជា​ការ​បំផុស​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​វិស័យ​ឯកជន​អនុវត្ត​ការជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ ការហ្វឹកហ្វឺន​បផ្នែកផ្សេងៗជាច្រើន។

បច្ចុប្បន្ន គោលនយោបាយ និងផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ របស់​រដ្ឋាភិបាល ដោយ​ផ្តោតលើ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជនពិកា​រ ការផ្តល់សេវា​សុខភាព សមត្ថភាព និង​ការការពារ​ជនពិការ ជាដើម។ ក្នុងនោះ រដ្ឋាភិបាល បានផ្តល់​កម្មសិទ្ធិ​ដីធ្លី និង​បាន​កសាង​លំនៅដ្ឋាន​ជូន​ជនពិការ ផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម នៅ​សហគមន៍ ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​ជនពិការ​ក្រីក្រ លើកកម្ពស់​ជីវភាព ការអប់រំ ការព្យាបាល ការស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ ជា​ពិសេស​​ម្រា​ប់​ជនពិការ​គ​ថ្លង់ និង​ជនពិការភ្នែក​ផងដែរ។ រដ្ឋាភិបាល ក៏បាន​រៀបចំ​បង្កើត​ឲ្យ​មាន​អក្សរ​ស្ទាប និង​ភាសា​សញ្ញា​សម្រាប់​ជនពិការភ្នែក និង​ជនពិការ​គ​ថ្លង់ ព្រមទាំង​បានដាក់​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​នៃ​វិស័យ​អប់រំ។ល។

សូមគ្រប់​ក្រសួង ស្ថាប័នរដ្ឋ និង​វិស័យឯកជន បន្តលើកទឹកចិត្ត​ដល់​ជនពិការ ដែលមាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បំពេញ​មុខងារ និង​តួនាទី​ទទួលខុសត្រូវ ក្នុង​មុខតំណែង ឲ្យ​មាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង រាប់ទាំង​ការបម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ​កម្មសិក្សាការី ជាដើម

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសារាចរណែនាំមួយឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីរាជធានី-ខេត្ត ត្រូវរៀបចំចាត់តាំង ខួបលើកទី៣៦ ទិវាជនមានពិការភាពអន្ដរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជា ក្រោមប្រធានបទ លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកកទី៣៦ ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំចាត់តាំង ដូចតទៅ៖ ទី១៖ ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិលើកទី៣៦ ត្រូវប្រារព្ធក្រោមប្រធានបទ លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព។ ទី២៖ ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មជនពិការ ណែនាំប្រព័ន្ធឃោសនារដ្ឋ និងឯកជនឲ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូល បានយល់ជ្រួតជ្រាបអំពីប្រវត្តិនៃទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្ដរជាតិ ៣ធ្នូ។ ទី៣៖ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំពិធីមីទិ្ទង ពិធីជួបសំណេះសំណាលជាមួយជនមានពិការភាព កម្មវិធីកម្សាន្ដសប្បាយរបស់ជនមានពិការភាព នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន។ ទី៤៖ ក្រុមប្រឹក្សាសកម្មជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធីមីទិ្ទញថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្ដផ្សេងៗ សម្រាប់ជនមានពិការភាព នៅរាជធានីភ្នំពេញ។ ទី៥៖ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោកដើម្បីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦ ដែលមានខ្លឹមសារដូចខាងក្រោម៖ ជយោ! ព្រះរាជាណាចក្រកម្ពុជា លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព រុះរបាំងឧបសគ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព រួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយឈប់ប្រើពាក្យអសុរសលើជនមានពិការភាព បញ្ឈប់ការកេងប្រវ័ញ្ចគ្រប់រូបភាពលើជនមានពិការភាព ដើម្បីសង្គមមួយមានសិទ្ធិស្មើគ្នា ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានពិការភាពដោយគ្រោះថ្នាក់ចរាចរ៕​


អត្ថបទដែលជាប់ទាក់ទង