ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមយុវជន និងសកម្មជនបរិស្ថាន ទាមទារឱ្យអាជ្ញាធរ បកស្រាយឱ្យបានច្បាស់លាស់ ជុំវិញចំណាត់ការរបស់ខ្លួន លើករណីចាក់ដីលុបឆ្នេរព្រែកត្រែង

94


ភ្នំពេញ៖ អង្គការខុមហ្វ្រែល (COMFREL) នៅថ្ងៃទី៣ខែធ្នូនេះ បានសរសេរលើផេកហ្វេសប៊ុករបស់ខ្លួនថា ក្រុមយុវជន និងសកម្មជនបរិស្ថាន ទាមទារឱ្យអាជ្ញាធរ បកស្រាយឱ្យបានច្បាស់លាស់ ជុំវិញចំណាត់ការរបស់ខ្លួន លើករណីចាក់ដីលុបឆ្នេរព្រែកត្រែង បន្ទាប់ពីពួកគេសង្កេតឃើញថា តំបន់នេះ មិនទាន់ត្រូវបានកាយដីចេញ និងស្ដារបរិស្ថាន ឱ្យល្អដូចដើមវិញ នៅឡើយទេ។

អង្គការខុមហ្វ្រែល បានផ្សាយថា ម្យ៉ាងវិញទៀត ពួកគេចង់ឱ្យអាជ្ញាធរ អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ទៅលើភាគីក្រុមហ៊ុន ដែលហ៊ានប្រព្រឹត្តអំពើល្មើសច្បាប់ ចាក់ដីលុបឆ្នេរធម្មជាតិ ដើម្បីជាការព្រមាន កុំឱ្យករណីនេះ កើតមានសាជាថ្មីទៀត។ មន្ត្រីសិទ្ធិមនុស្ស អះអាងថា នឹងដាក់បណ្ដឹងបរិហារ ករណីនេះទៅតុលាការ ជុំវិញការបណ្ដែតបណ្ដោយ របស់អាជ្ញាធរ ឱ្យមានបទល្មើសកើតឡើង ក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយមិនមានចំណាត់ការលើជនល្មើស។

ក្រុម​យុវជន​ដែល​បាន​ចុះ ទៅ​ដល់​ទីតាំង​ឆ្នេរ​ព្រែកត្រែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ អះអាង​ថា ដី​ឆ្នេរ​ដែល​ត្រូវ​បាន​ចាក់​លុប​នោះ មិន​ទាន់​មាន​ការ​កាយ​ដី​ចេញ និង​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ ​តាម​លក្ខណៈ​ដើម​វិញ​នៅឡើយ​ទេ។ លើស​ពី​នេះ ពួកគេ​អះអាង​ថា ភាគី​ក្រុមហ៊ុន​ ថែមទាំង​កំពុង​សាងសង់ ​របង​ថ្ម​ព័ទ្ធជុំវិញ​បរិវេណ ​ដែល​ត្រូវ​បាន​ចាក់​ដី​លុប​នោះ​ទៀត​ផង។

ក្នុង​វីដេអូ​រយៈពេល​ជាង ២ នាទី ដែល​ត្រូវ​បាន​បង្ហោះ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃទី១ ធ្នូ ក្រុម​យុវជន​សម្តែង​ការ​ខកចិត្ត នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ និង​បាន​ចាត់ទុក​វិធានការ​លើ​រឿង​នេះ​ថា គ្រាន់តែ​ជា​ការ​បន្លំ​ភ្នែក​សាធារណជន​ប៉ុណ្ណោះ។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ ​ដោះស្រាយ​រឿង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ បើ​ពុំ​ដូច​ច្នេះ​ពួកគេ​នឹង​បន្ត​លាតត្រដាង​ពី​ភាព​អសកម្ម​ជុំវិញ​រឿង​នេះ​តទៅទៀត៖ “ពួក​ខ្ញុំ​ទាំងអស់​គ្នា​ជា​យុវជន​ពិតជា​មានការ​សោកស្ដាយ​យ៉ាងខ្លាំង​ដែល​អាជ្ញាធរ​ក្រុងព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ពិតជា​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន។ បច្ចុប្បន្ន​យើង​ឃើញ​ថា ក្រុមហ៊ុន​មួយ​នេះ​មិនបាន​កាយ​ដី​ចេញ​ទាំងអស់​នោះ​ទេ ថែមទាំង​កំពុង​សាងសង់​របង​ថ្ម​ជុំវិញ​ដី​ដែល​បាន​ចាក់​រួចហើយ​ទៀត​ផង។ ខ្ញុំ​ពិតជា​មិន​ពេញចិត្ត​ចំពោះ​ការ​ចាក់ដី​លុប​ឆ្នេរ​មួយ​នេះ​សោះ​។ ពួក​ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​គួរតែ​បញ្ចប់​វិធីសាស្ត្រ​ដែល​ធ្វើ​ការ​បន្លំ​ភ្នែក​សាធារណជន​ទៀត​ទៅ គួរតែ​មាន​វិធីសាស្ត្រ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ទៅលើ​ក្រុមហ៊ុន​មួយ​នេះ​ឱ្យ​ធ្វើ​ការ​កាយ​ដី​ចេញ និង​សម្អាត​ឆ្នេរ​ឱ្យ​ស្រស់​ស្អាត​ឡើង​វិញ”។

បើតាមផេកហ្វេសប៊ុក Bunrong បានលើកឡើងថា “តើការលុបឆ្នេរព្រែកត្រែងពិតជាបានដោះស្រាយពិតមែន ឬទេ? បើទោះបីជាមានចំណារបស់សម្តេចតេជោ ហ៊ុន សែន និងការចុះអន្តរាមគន៍ ដោយផ្ទាល់ពីថ្នាក់ដឹកនាំមួយចំនួន ចំពោះក្រុមហ៊ុនលោកស្រី ជ្រឹង សុភាព ហៅយាយភូកន្លងមក។ ប៉ុន្តែជាក់ស្តែងក្នុងថ្ងៃនៃពិធីបុណ្យអុំទូក មានយុវជនមួយក្រុមបានចុះទៅទីតាំងលុបឆ្នេរព្រែកត្រែង បង្ហាញថាឆ្នេរព្រែកត្រែង ក្រុមហ៊ុនមិនត្រឹមតែមិនបានកាយដីចេញវិញទេ ថែមទាំងសាងសងរបងថ្មព័ន្ធជុំវិញដីដែលបានចាក់លុបរួច។ តើអាជ្ញាធរក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំពិតជាអសមត្ថភាពក្នុងដោះស្រាយជាមួយក្រុមហ៊ុនលុបឆ្នេរមួយនេះពិតមែន ឬទេ?”។

សូមបញ្ជាក់ថា លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ បានថ្លែងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា គណៈកម្មការគ្រប់គ្រងឆ្នេរ ដែលមានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធាន កំពុងតែពិនិត្យ និងចាត់វិធានការ ចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ។

បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ដ្រី ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍនៅតំបន់ឆ្នេរព្រែកត្រែងកំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ។

លោករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា គណៈកម្មការគ្រប់គ្រងឆ្នេរ កំពុងតែពិនិត្យអំពីទិដ្ឋភាពច្បាប់ជុំវិញករណីនេះ ហើយអាចឈានទៅកំណត់ឲ្យក្រុមហ៊ុនខាងលើ កាយដីចេញពីតំបន់ដែលបានចាក់លុប ឬអនុវត្តវិធានការច្បាប់ជាបន្ដបន្ទាប់ ព្រោះរាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។

លោកក៏បានឲ្យដឹងដែរថា តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុនរបស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ។ ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ។

ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជាក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន។ របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០១៧ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើន ១៥%។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរ ២.៣៨៥.៧៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២.០៥២.៣១៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣៣៣.៤៣៦នាក់ កើន ១៦,៣៧%។

តាមការព្យាករណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៦លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានទេសចរអន្តរជាតិប្រមាណ ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់។

ដោយមើលឃើញពីសក្តានុពលនេះ លោកថោង ខុន អំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុ មានចំណាត់ការឲ្យបានតឹងរឹងក្នុងការថែរក្សាឆ្នេរសមុទ្រនេះ កុំឲ្យមានការសាងសង់រំលោភ និងទន្ទ្រានផ្សេងៗ៕


អត្ថបទដែលជាប់ទាក់ទង