សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសុខចិត្តឱ្យមន្ត្រីបន្ទោសថា លូកលាន់ការងារមន្រ្តី ប៉ុន្តែមិនទុកឱ្យប្រជាជនបន្ទោសខ្ញុំថា យើងធ្វើការងារយឺតអត់លទ្ធផលឱ្យគាត់ទេ»
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចសុខចិត្តឱ្យមន្រ្តីបន្ទោសសម្តេចថា លូកលាន់កិច្ចការងាររបស់មន្រ្តីថ្នាក់ក្រោម ប៉ុន្តែសម្តេចមិនទុកឱ្យប្រជាពលរដ្ឋបន្ទោសសម្តេចថា រាជរដ្ឋាភិបាលធ្វើការងារយឺតហើយមិនមានលទ្ធផលនោះទេ។
សម្តេចបានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិ កំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
ដោយរំលឹកអំពីការអារកាត់ដើម្បីញែកផ្តាច់កិច្ចការងារក្រសួង២ដែលប្រទាក់ក្រឡាគ្នា សម្តេចបានរំលឹកថា មុនចូលឆ្នាំ សម្តេចបានហៅក្រសួងពីរនោះមកពិភាក្សា ដែលក្នុងនោះមានមួយជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្តេចបានលើកឡើងថា ក្នុងតួនាទីភារកិច្ចក្រសួងពីរនេះ គឺមានការប្រទាក់ក្រឡាគ្នា ដែលញែកគ្នាមិនដាច់រហូតមក។ ដូច្នេះសម្តេចបានសម្រេចញែកឱ្យដាច់ពីគ្នាមុនចូលឆ្នាំតែម្តង។
សម្តេចបញ្ជាក់ដូច្នេះថា៖ «ហៅរដ្ឋមន្ត្រីទាំងពីរមកប្រាប់ខ្ញុំថា ឥឡូវកិច្ចការងារហ្នឹង តើក្រសួងមួយណាមួយណាប្រទាក់ក្រឡាខ្ពស់ជាងគេ ហើយពេលវះកាត់ហើយ ត្រូវសហការគ្នាបែងចែកគ្នាយ៉ាងម៉េច យើងវះកាត់ ប្រជុំដឹកនាំជិត១ឆ្នាំមិនចេញ ខ្ញុំហៅវះកាត់ប្រហែល២ម៉ោង ដាក់ផាំងដាច់ផាច់ ឆ្នាំថ្មីអាចធ្វើការងារបាន»។
សម្តេចបានយល់ឃើញថា កាលណាពិភាក្សាគ្នាយូរមិនបានដាច់ស្រេច គឺធ្វើឱ្យកម្ពុជាដើរមិនទាន់គេ ដែលប៉ុន្មានឆ្នាំមកនេះនៅតែចរចា ធ្វើការងារដដែលៗ ដែលទីបំផុតមិនចេញលទ្ធផលសោះ។
សម្តេចបានបញ្ជាក់បន្ថែមដូច្នេះថា៖ «បើនរណាថា នាយករដ្ឋមន្រ្តីលូកគ្រប់តែកន្លែង លូកមិនលូកគឺស្រេចតែខ្ញុំ ឱ្យតែចេញឱ្យខ្ញុំ បើធ្វើយូរពេកខ្ញុំហៅមកហើយ ខ្ញុំអង្គុយវះហើយ ហើយបើបន្ទោសក៏បន្ទោសចុះ ខ្ញុំសុខចិត្តឱ្យមន្ត្រីបន្ទោសខ្ញុំថាខ្ញុំលូក ប៉ុន្តែខ្ញុំមិនទុកឱ្យប្រជាជនបន្ទោសខ្ញុំថា ខ្ញុំធ្វើការងារយឺតអត់លទ្ធផលឱ្យគាត់ទេ»៕