សម្តេចធិបតី៖កម្ពុជាយកប្រទេសទាំងអស់ជាមិត្ត ហើយស្ពៃ ក៏យកសាច់គោក៏យកដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន
កំពត៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា កម្ពុជាអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ គឺកម្ពុជារាប់ប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ ដើម្បីតែសេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាជន។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ កំពត។
កាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ មានការលើកឡើងថា មេដឹកនាំចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសារ ចិនកំពុងមានបញ្ហារឿងភារស៊ីពន្ធដារជាមួយសហរដ្ឋអាមេរិក ហើយចោទថាកម្ពុជាកំពុងតែយកស្ពៃទៅវិញ។
ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញពីការហួសចិត្តចំពោះការលើកឡើងនេះ ដោយសម្ដេច បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំឆ្ងល់ថាម៉េចបានគេមិនចូលចិត្តស្ពៃ? គេថាយកអាមេរិកយកសាច់គោ យកចិនយកស្ពៃ..ខ្ញុំឃើញមានអ្នកគាំទ្រទាំងសងខាង អ្នកខ្លះថាសាច់គោឆ្ងាញ់ តែជាតិខ្លាញ់សុទ្ធ ប្រយ័ត្នលើសខ្លាញ់.. ស្ពៃជាបន្លែសុខភាពល្អរស់យូរ។ ហើយបើសួរថាកម្ពុជារើសអ្វី ស្ពៃ ឬ(សាច់)? គឺយើងរើសទាំងពីរ»។
សម្ដេចបវរធិបតី បានថ្លែងបន្តថា គ្មាននរណាមកភ្ជង់យើង បង្ខំយើងឱ្យយកសាច់ ឬបន្លែនោះទេ កម្ពុជារើសទាំងពីរព្រោះកម្ពុជាគិតគូរពីសុខភាព មានន័យថាកម្ពុជាគិតគូរពីសេដ្ឋកិច្ច ជីវភាពរបស់ប្រជាជនយើង ហើយនរណារើសសាច់គោ នរណារើសស្ពៃក៏រើសទៅ តែសូមកុំភ្លេចថាទាំងគោទាំងស្ពៃ គឺពឹងគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមានឯករាជ្យភាព អធិបតេយ្យភាពក្នុងការសម្រេចចិត្តផ្ទាល់ខ្លួន ដោយមិនអាចមានប្រទេសណាមកដាក់សម្ពាធលើយើងបានទេ គ្មានគោគ្មានស្ពៃទេ គឺយើងយកទាំងអស់ដើម្បីខ្លួនយើងរឹងមាំ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ ហើយនេះជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរច្បាស់លាស់។
សម្តេច បានសង្កត់ធ្ងន់ថា «កម្ពុជាអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ មិនចូលជាមួយប្រទេសណាប្រឆាំងប្រទេសណានោះទេ គឺកម្ពុជារាប់ប្រទេសទាំងអស់ជាមិត្ត ខណៈដែលអ្នកនយោបាយខ្លះមិនទាន់បានឡើងកាន់ដំណែងផង តែជ្រើសមួយបាត់ទៅហើយ»៕