ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងទទួលយកអ្នកទោសវៀតណាម ពីថៃ មកដាក់គុកនៅកម្ពុជា គឺខុសច្បាប់អន្តរជាតិ

73


ភ្នំពេញ៖ ករណីមានព័ត៌មានថាកម្ពុជា ទទួលយកអ្នកទោសវៀតណាម ដែលផ្ទេរពីប្រទេសថៃ មកដាក់នៅក្នុងពន្ធនាគារនៅកម្ពុជាវិញនោះ ត្រូវបានសម្តេចក្រឡាហោម ស ខេង បានច្រានចោលទាំងស្រុង ហើយបញ្ជាក់ថា អ្នកទោសខ្មែរ រកតែកន្លែងដាក់មិនបានផង ម៉េចចង់យកអ្នកទោសគេមកដាក់ ដែលខុសនឹងច្បាប់អន្តរជាតិ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១២ នៅរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា៖ “អត់មានទេករណីនេះ នរណាគេនិយាយ នរណាទៅធ្វើកើត ឥឡូវអ្នកទោសខ្មែរ រកពន្ធនាគារដាក់មិនបានផង ទៅយកអ្នកទោសបរទេស មកដាក់នៅស្រុកខ្មែរយ៉ាងម៉េច គឺរឿងនេះ មិនត្រូវច្បាប់អន្តរជាតិ”។

អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានចេញមកបញ្ជាក់ថា ករណីជនបរទេស ស្នើរសុំមកជាប់ទោសនៅកម្ពុជាមានពិតមែន តែកម្ពុជាមិនមានសមត្ថកិច្ចទទួលយកទេ កម្ពុជាទទួលយកតែ ជណជាតិខ្មែរ ដែលជាប់ទោសនៅប្រទេសផ្សេង ដែលចង់ផ្ទេរមកនៅកម្ពុជាវិញប៉ុណ្ណោះ។
បើតាមសេចក្តីរាយការណ៍ ពីស្ថានទូតខ្មែរប្រចាំប្រទេសថៃ មានអ្នកទោសជាជនជាតិវៀតណាម កំពុងជាប់ ពន្ធនាគារនៅថៃ ប៉ុន្តែបែរជាស្នើសុំផ្ទេរ មកជាប់ពន្ធនាគារនៅកម្ពុជាវិញ ខណៈបច្ចុប្បន្នអ្នកទោសជនជាតិខ្មែរ ចំនួន ២៩១០នាក់ (ស្រ្តីចំនួន ២៦៩នាក់ បុរសចំនួន ២៦៤១នាក់) កំពុងជាប់ពន្ធនាគារនៅថៃ ។

យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះសួរសុខទុក្ខទណ្ឌិត តាមមន្ទីរឃុំឃាំងជារៀងរហូត។ ចំពោះបញ្ហាផ្ទេរទណ្ឌិត គឺត្រូវអនុវត្តតាមកិច្ចព្រមព្រៀង ស្តីពី ការផ្លាស់ប្តូរអ្នកទោស រវាងកម្ពុជា និងថៃ ដែលមានដូចជា៖ ទី១-បទល្មើស ដែលអាចផ្ទេរអ្នកទោស បានលុះត្រាបទល្មើសនោះ ត្រូវជាប់ពន្ធនាគារចាប់ពីមួយឆ្នាំទ្បើងទៅ , ២- ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាទណ្ឌិតនោះ ត្រូវជាប់ទោស២/៣ នៃទោសរួម និងទី៣-ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាសាម៉ីខ្លួនស្នើសុំជាលាយលក្ខអក្សរ ។
សេចក្ដីជូនដំណឹងបន្ថែមថា កន្លងមកមានអ្នកទោសខ្លះ ជាជនជាតិវៀតណាម ហើយសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា ប៉ុន្តែករណីនេះ ស្ថានទូតមិនអាចដោះស្រាយបានទេ ដូច្នេះស្ថានទូតត្រូវទៅមើលអ្នកទោសនោះថា គាត់សញ្ជាតិអ្វីពិតប្រាកដ ព្រោះស្ថានទូតអាចដោះស្រាយបានលុះត្រា តែអ្នកទោសនោះជាជនជាតិខ្មែរ។ មានអ្នកទោសខ្លះសុំផ្ទេរ មកជាប់នៅពន្ធនាគារកម្ពុជា ដោយផ្ទាល់មាត់ លុះដល់ស្ថានទូត ឲ្យធ្វើពាក្យស្នើសុំផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ថា ខ្លួនស្ម័គ្រចិត្តមកបន្តជាប់ពន្ធនាគារនៅកម្ពុជាវិញ បែរជាគាត់មិនព្រម ធ្វើលិខិតស្នើសុំទាល់តែសោះ។ ស្ថានទូតមិនអាចបង្ខិតបង្ខំទណ្ឌិត ឲ្យផ្ទេរមកកម្ពុជាបានទេ បើសាម៉ីខ្លួនមិនស្ម័គ្រចិត្ត ផ្ទេរមកកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង