ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់ទូរស័ព្ទភ្លាម ប៉ូលីសចាប់ដាក់ខ្នោះភ្លែត

188

ភ្នំពេញ៖ ចោរឆក់ម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ ចាប់វាយខ្នោះភ្លាមៗ ក្រោយ ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីនិស្សិតម្នាក់កំពុងជិះម៉ូតូតាមផ្លូវ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យឈ្មោះ សេរី ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ បក្ខពួកម្នាក់ទៀត ឈ្មោះ ថន អាយុប្រហែល១៨ឆ្នាំ ជាមិត្រភក្តិ បានជិះម៉ូតូរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ ឈ្មោះ ផូង អ៊ិចឆេងឡាំង ភេទស្រី អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ សកលវិទ្យាល័យភ្នំពេញ មានទីលំនៅ ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ទូរស័ព្ទ ដែលជនសង្ស័យធ្វើសកម្មភាពឆក់យក ម៉ាក I Phone 6 ពណ៌ទឹកមាស និងឧបករណ៍សម្រាប់សាកថ្មទូរស័ព្ទ។

នារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្រោយពីនាងជួយរៀបអី វ៉ាន់ម្តាយ ក្នុងផ្សារស៊ិនជូរីហើយម្តាយបានប្រើឲ្យទៅយកសាច់ជ្រូក នៅភូមិប៉ប្រ៉កជើង ដើម្បីយកទៅលក់ ហើយទូរស័ព្ទ និងឧបករណ៍សាកថ្ម ដាក់នៅក្នុងឃ្លប់ម៉ូតូនិច ខាងមុខ ដោយជិះតាមផ្លូវសួនកុមារ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ ហើយជនសង្ស័យជិះខាងក្រោយ ឈ្មោះ សេរី ចំណាន ជាអ្នកឆក់យកទូរស័ព្ទភ្លែត ស្រែកភ្លាម ពលរដ្ឋ និងកម្លាំងប៉ុស្តិ៍ ក្បែរនោះឃើញដេញចាប់បានម្នាក់ បក្ខពួកម្នាក់ទៀត បើកម៉ូតូរត់គេចទៅបាត់ ។

ជនសង្ស័យ បានឲ្យដឹងថា មុនពួកគេធ្វើសកម្មភាព ក្រោយពីពួកគេចូលក្លឹប លុះចេញមកវិញ នាំគ្នាធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ តាមផ្លូវតែម្តង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យ មុខ ភិនភាគម្នាក់នឹងហើយ ដែលតែងតែធ្វើសកម្មភាព ឆក់ ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ រាល់ថ្ងៃ កន្លងមកចាប់មិនទាន់បាន លើកនេះ ប៉ូលីសល្បាតក្បែរនោះស្រាប់ ដេញចាប់បានម្នាក់ភ្លាមៗ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យសកម្មខាងឆក់ លួច សមត្ថកិច្ចនាំខ្លួន ទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង