បញ្ជូនជនសង្ស័យ ៣នាក់ទៅតុលាការ រឿងទិញលក់វត្ថុបុរាណក្លែងក្លាយ តម្លៃ ២៦.០០០ដុល្លារ
បន្ទាយមានជ័យ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បានសហការបង្រ្កាបករណី ឆបោក ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ នៅលើទីតាំងបីកន្លែង ដោយឡែកពីគ្នា ។ បន្ទាប់ពីចាប់ខ្លួន និងសួរយកចម្លើយរួចហើយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សាវួន ភេទ ស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីទទួលបានពាក្យបណ្តឹង លោកបានដឹកនាំកម្លាំងជំនាញ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ កំពុងស្នាក់នៅរាជធានីភ្នំពេញ ហើយបានស្នើសុំគោលការណ៍ ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវធហត្ថខេត្ត ដើម្បីចុះធ្វើប្រតិបត្តិការ។ ដោយអនុវត្តន៍ទៅតាមចំណារ លើសំណើសុំកិច្ចសហការពន្លាតដែនដី របស់លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងដោយបានសហការ ជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកបានចាត់តាំងលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ ចុះទៅដល់ទីតាំងស្នាក់នៅរបស់ជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ឌី ហួរ ភេទ ប្រុស អាយុ ៥៤ឆ្នាំ នៅចំណុចផ្ទះសំណាក់កៀនឃ្លាំង ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា ៖ នៅអំឡុងដើមខែវិចិ្ឆកា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានជិះរថយន្តម៉ាក HONDA CRV មកហូបបង្អែម នៅតូបរបស់ខ្លួន ដោយធ្លាប់ស្គាល់គ្នាពីមុនផង ជនសង្ស័យក៏បានបបួលខ្លួន ទៅហូបអាហារ នៅតាមហាងផ្សេងៗ ដោយតម្រូវទៅតាមចិត្តរបស់ខ្លួនចង់ទៅ ក្រោយពេលត្រូវគ្នា និងពេលកំពុងហូបអាហារ ជនសង្ស័យខាងលើ បានហៅទូរស័ព្ទ ទៅអ្នកផ្សេងទៀត (មិនស្គាល់ឈ្មោះ) ហើយនិយាយពីរឿងទិញលក់វត្ថុបុរាណក្នុងតម្លៃ ២៦.០០០ដុល្លារ ក្រោយពីជន ២នាក់ទៀត បានមកដល់ និងពិនិត្យលើទំនិញរួចមក ជនសង្ស័យក៏បានដកប្រាក់ដុល្លារ ចំនួន ៣ដុំ (មិនដឹងចំនួន) ទៅឲ្យជន ២នាក់ដែលជាអ្នកលក់ ហើយនិយាយថា ប្រាក់ដែលខ្វះប៉ុន្មានចាំលក់ទំនិញដាច់សិន ចាំគិតគូរគ្នាទៀត ពេលនោះអ្នកលក់ទាំង ២នាក់ បានតបថា មិនអាចខ្វះបានទេ បើប្រាក់មិនគ្រប់ គេមិនទាន់ឲ្យទំនិញទេ ពេលនោះជនសង្ស័យ បានសួរមកខ្លួនថា តើមានប្រាក់មួយចំនួនទេ ជួយចេញបង្រ្គប់មក ហើយទំនិញនេះឲ្យខ្លួនជាអ្នកទុក ។ ហើយជនសង្ស័យនិយាយទៀតថា ពេលលក់បានប្រាក់ គេនឹងសងប្រាក់ដែលខ្ចីនោះវិញ បន្ទាប់មកជនសង្ស័យ ក៏ចេញទៅបាត់ដំណឹងតែម្តង ដោយទុកទំនិញឲ្យជនរងគ្រោះ ជាអ្នករក្សាទុក ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆបោក ជនរងគ្រោះជាច្រើននាក់ មកហើយ នៅទូទាំង ២៥រាជធានី-ខេត្ត រួមជាមួយបក្ខពួក ២នាក់ផ្សេងទៀត ដោយខ្លួនដើរតួជាអ្នកទិញ-លក់វត្ថុបុរាណ ហើយទាក់ទងមិត្តភក្តិ ដែលធ្លាប់ស្គាល់គ្នា និងមានទ្រព្យសម្បត្តិច្រើនសមល្មម ដែលខ្លួនអាចបោកប្រាស់បាន។
ក្រោយពីទទួលបានតម្រុយមុខសញ្ញាបន្ថែមទៀត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់តាំងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ឲ្យចុះស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាបន្ត រហូតឃាត់ខ្លួនជនសង្ស័យ (ជាអ្នកលក់ទំនិញ) បានចំនួន ២នាក់បន្ថែមទៀត ១-ឈ្មោះ មួន ង៉ូវ ហៅ ម៉ៅ ភេទ ប្រុស អាយុ ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួននៅចំណុចស្ពានក្រឡ ស្ថិតនៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ) នៅវេលាម៉ោង ១៤ និង ២០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ២-ឈ្មោះ ខុន វុទី្ធ ហៅ យិន ភេទប្រុស អាយុ ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ឃាត់ខ្លួននៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ) នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ និងរឹបអូសវត្ថុតាងរួមមាន ៖ -រថយន្តម៉ាក HONDA CRV ចំនួន១គ្រឿង រថយន្តម៉ាក CAMRY ស៊េរីឆ្នាំ១៩៩៨ ចំនួន១គ្រឿង ម៉ូតូម៉ាក HONDA DREAM ស៊េរីឆ្នាំ ២០១៣ ចំនួន១គ្រឿង រូបសំណាកធ្វើអំពីស្ពាន់ ចំនួន ២អង្គ (មួយអង្គប្រវែង ២៨សង់ទីម៉ែត្រ) ខ្សែកច្រវ៉ាក់ឆាប លោហធាតុពណ៌លឿង (កាឡៃ) ២ខ្សែ(១- ប្រវែង ៧៦សង់ទីម៉ែត្រ ២-ប្រវែង ៧២សង់ទីម៉ែត្រ) -ខ្សែកម៉ូតព្រលិតកាច់ លោហធាតុពណ៌លឿង (កាឡៃ) ប្រវែង ៧២សង់ទីម៉ែត្រ ១ខ្សែ ប្រវែង ៧២សង់ទីម៉ែត្រ -ប្រាក់ដុល្លារក្លែងក្លាយ(ប្រាក់ដុល្លារសែន) ចំនួន ៣ដុំ ចំនួន ២.៩០០ដុល្លារ ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕