ចាប់ខ្លួនស្រ្តីម្នាក់ ជាឃាតករ សម្លាប់ស្រ្តីម្នាក់ ដែលរកស៊ីចងការប្រាក់
ខេត្តកណ្តាល៖ នគរបាល បានចាប់ខ្លួនស្រ្តីម្នាក់ ជាឃាតករសម្លាប់ស្រ្តីម្នាក់ដែលរកស៊ីចងការប្រាក់ ប្លន់យកទ្រព្យសម្បត្តិអស់ជិត៤ម៉ឺនដុល្លារ។ នគរបាលបាននិយាយថា បន្ទាប់ធ្វើសកម្មភាពប្លន់សម្លាប់រួចហើយ ឃាតករ បានគេចខ្លួនទៅពួនសម្ងំនៅក្នុងផ្ទះសាច់ញាតិនៅឯខេត្តកំពង់ធំ ទើបសមត្ថកិច្ចពន្លាដែនស្រាវជ្រាវ រហូតចាប់ខ្លួនបាន។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការដឹកនាំពីលោកវរសេនីយ៍ ចៅ វុឌ្ឍី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ
កម្លាំងព្រហ្មទណ្ឌខេត្តកំពង់ធំ ធ្វើការបង្ក្រាបបាន ស្រ្តីជាឃាតករ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុច ភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ ជនដៃដល់មានឈ្មោះ សុខ ចាន់ថា អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរមេផ្ទះ មានស្រុកកំណើត ស្ថិតនៅឃុំស្រៃអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ទ្រព្យសម្បត្តិដែលត្រូវបាត់បង់រួមមានទី១៖ លុយដុល្លារចំនួន៣០.០០០ដុល្លារ ទី២៖ លុយខ្មែរចំនួន២លានរៀល ទី៣៖ ខ្សែកមាស២ដំឡឹង, ទី៤៖ ចិញ្ចៀនមាស៥ជី និងទី៥៖ ខ្សែដៃមាស៥ជី។ ក្នុងពេលឃាត់ខ្លួនស្រ្តីឃាតកររូបនោះ សមត្ថកិច្ចបានធ្វើការដកហូតបាន វត្ថុតាងមួយចំនួនមកវិញ ដូចជា លុយដុល្លារជាង៦០០ដុល្លារ ខ្សែក ខ្សែដៃ ជាដើម ចំណែកលុយប្រមាណ៣ម៉ឺនដុល្លារទៀត រកពុំឃើញទេ។
សូមរំលឹក ករណីសម្លាប់ស្រ្ដីម្នាក់រួចប្លន់លុយអស់ចំនួន៤ម៉ឺនដុល្លារ កើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល៕