លោក គួច ចំរើន អញ្ជើញចូលរួមពិសាអាហារសាមគ្គីជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ខណៈពួកគាត់បាននិងកំពុងជួយពិនិត្យព្យាបាលជំងឺជូនដលប្រជាពលរដ្ឋចំនួន៥ស្រុក
កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិសាអាហារសាមគ្គីជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដឹកនាំដោយលោកស្រី JOSY CHAMBON ដែលបាននិងកំពុងជួយពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋចំនួន៥ស្រុកនៅក្នុងខេត្តកំពង់ចាម ។
ប្រជាពលរដ្ឋចំនួន៥ស្រុកដែលទទួលការពិនិត្យនិងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង រួមមាន៖ ស្រុកកោះសូទិន ស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។
លោកអភិបាលខេត្ត ក្នុងឱកាសនោះបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ដែលបានសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងការព្យាបាលជូនប្រជាពលរដ្ឋ និងជាពិសេសអាជ្ញាធរដែនដីបានផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋដើម្បីអោយពួកគាត់បានមកធ្វើការព្យាបាលជំងឺដោយឥតគិតថ្លៃ។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង សរុបចំនួន៤១នាក់ អ្នកបកប្រែ១០នាក់ បាននឹងកំពុងធ្វើការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ចំនួន៥ទីតាំងព្រមៗគ្នា គឺ១.នៅកោះប៉ែន ២.នៅហាន់ជ័យ ស្រុកកំពង់សៀម ៣.នៅជ្រៃវៀន ស្រុកព្រៃឈរ ៤.នៅដូនធី ស្រុកចំការលើ និង៥. នៅទីរួមស្រុកស្ទឹងត្រង់៕