ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំ​សហជីព​នាំគ្នា​ ស្នើសុំ​ដោយទទូច​ឱ្យផ្ដល់​យុត្តិធម៌​ដល់​លោក ​ជា វិជ្ជា​

56


ភ្នំពេញ៖ មេដឹកនាំ​សហជីព​នាំគ្នា​ ស្នើសុំ​ដោយទទូច​ឱ្យផ្ដល់​យុត្តិធម៌​ដល់​លោក ​ជា វិជ្ជា​ និងក្រុម​គ្រួសាររ​​បស់លោក​ នៅថ្ងៃរំលឹក​ខួបនៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា។ នេះបើតាមការផ្សាយរបស់អង្គការលីកាដូ។

នាព្រឹកទី២២មករានេះ​ មនុស្ស​ប្រមាណជា​១០០នាក់​ រួមមាន​សហជីព​ គ្រូបង្រៀន​ កម្មករ និងអ្នកបើកបរ​រឺម៉កកង់បី​ បាន​ជួបជុំគ្នា​នៅកណ្ដាល​រាជធានី​ភ្នំពេញ ​ដើម្បី​រំលឹកខួប​១៥ឆ្នាំ​នៃអំពើ​ឃាតកម្ម​លើ​ប្រធាន​សហជីព​ល្បីឈ្មោះ​មួយរូប​គឺលោក​ ជា វិជ្ជា។​
កាលពី​ថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០០៤​ លោក ជា វិជ្ជា​ ត្រូវបាន​ឃាតករ​បាញ់សម្លាប់​ទាំង​កណ្ដាលថ្ងៃ ​នៅតូបលក់កាសែតក្បែរ​វត្តលង្កា។​ សកម្មជន​សហជីព​ និង​សមាជិក​សង្គមស៊ីវិល​ បានជួបជុំគ្នា​នៅព្រឹកនេះ​ នៅជិត​ទីតាំង​ដែល​លោក​ត្រូវបាន​បាញ់​សម្លាប់​ ដើម្បី​ប្រារព្ធពិធី​​​តាម​បែប​ព្រះពុទ្ធ​សាសនា​ និង​ថ្លែង​សុន្ទរកថា​ជាកិត្តិយស​ដល់​អតីត​មេដឹកនាំ​សហជីព​ ដែល​ធ្លាប់​បម្រើការ​ជាប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា(FTUWKC)។
ភាពអយុត្តិធម៌​នៃឃាតកម្ម​របស់​លោក ជា វិជ្ជា​ ក្រោយមក​ ត្រូវបាន​កើនឡើង​ដោយ​ការផ្ដន្ទាទោស​មិនត្រឹមត្រូវ​លើ​បុរស​គ្មាន​កំហុស​ចំនួន២រូប​ គឺ​លោក ប៊ន​ សំណាង​ និង​លោក ​សុខ សំអឿន​ ដែល​ត្រូវបាន​ចោទ​ប្រកាន់​ដោយ​មិនត្រឹមត្រូវ​លើករណី​ឃាតកម្មនេះ។​ អ្នកទាំងពីរ​ត្រូវបាន​ជាប់ពន្ធនាគារ​​អស់​រយៈពេល​៥ឆ្នាំ ​មុនពេល​ដែលការ​ផ្ដន្ទាទោស​លើអ្នកទាំងពីរ​ត្រូវបាន​តុលាការ​កំពូល​បដិសេធ​ចោល​វិញ។ អ្នកចូលរួម​នៅក្នុងការ​រំលឹកខួប​នេះ បាន​ស្នើសុំ​ដោយ​ទទូចឱ្យ​អាជ្ញាធរ​ជួយស្វែងរក​ជនប្រព្រឹត្ត​បទល្មើស​ពិតប្រាកដ​ និង​ផ្ដល់​យុត្តិធម៌​ដល់​លោក ​ជា វិជ្ជា​ ក៏ដូចជា​ក្រុមគ្រួសារ​និង​មិត្តភក្ដិ​របស់លោក៕

អត្ថបទដែលជាប់ទាក់ទង