ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីការងារ និងអ្នកជំនាញរបស់អាមេរិកផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ ក្នុងការដោះស្រាយវិវាទការងារ

67


ភ្នំពេញ៖ តបតាមសំណើរបស់ លោករដ្ឋមន្ត្រីការងារកម្ពុជានោះ លោកសាស្ត្រាចារ្យRichard D. Fincher ដែលមានជំនាញក្នុងការដោះស្រាយវិវាទការងារ បានត្រៀមខ្លួនជួយបណ្តុះបណ្តាល លើមន្ត្រីពាក់ព័ន្ធទៅនឹងការដោះស្រាយ វិវាទការងារ នៅពេលដែលក្រសួង បានបង្កើតវិទ្យាសា្ថនជាតិការងារ នាពេលខាងមុខឆាប់ៗ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាត ឱ្យលោក Richard D. Fincher (រីឆាត ឌី ហ្វីនឆើ) ដែលជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យខននែល (Cornell University) បុរីញូយ៉ក សហរដ្ឋអាមេរិក និងជាសន្ធានការី (Mediator) និងអាជ្ញាកណ្តាល (Arbitrator) រួមជាមួយគណៈប្រតិភូ របស់មជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការមកទស្សនកិច្ចរបស់លោកសាស្ត្រចារ្យ ហើយអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នា និងទស្សនៈ ក្នុងការដោះស្រាយវិវាទការងារនេះ។ លោកបានបន្តថា កន្លងមក កម្ពុជាធ្លាប់មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យការងារជាច្រើន ជាមួយសហរដ្ឋអាមេរិក ហើយកម្ពុជា ជាប្រទេសមួយ ដែលបានផ្សារភ្ជាប់ខ្លួន ទៅនឹងបទដ្ឋានអន្តរជាតិ ដែលក្នុងនោះ កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញា អង្គការអន្តរជាតិខាងការងារ បានចំនួន១៣ ដែលមានអនុសញ្ញាស្នូរ៨ផងដែរ។ លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ណាស់ ក្នុងការធានានូវការអនុវត្ត លក្ខខណ្ឌការងារល្អ ព្រោះថាកម្ពុជា ជាប្រទេសទី១ ដែលហ៊ានផ្សាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩។ ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា កំណើននៃឧស្សាហកម្ម ធ្វើឱ្យមានការកើនឡើង នូវអង្គការវិជ្ជាជីវៈជាច្រើន ដែលនេះធ្វើឲ្យមានការបង្កើតឡើង នូវក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការសម្របសម្រួលត្រីភាគី រួមមាន ភាគីរដ្ឋាភិបាល សហជីព និងនិយោជក ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កន្លងមក មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ក៏បានចូលរួមការងារគ្នា ជាច្រើន ជាមួយក្រសួង ក្នុងដោះស្រាយបញ្ហានានា នៅក្នុងវិស័យការងារ ហើយតាមរយៈអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងទៅ នឹងកាន់តែបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរកាន់តែប្រសើថែមទៀត។

មកទល់បច្ចុប្បន្ន ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ នៅតែបន្តយន្តការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្នុងការដោះស្រាយវិវាទការងារ។ ទន្ទឹមនឹងភាពជោគជ័យទាំងអស់នេះ ក៏មានបញ្ហាប្រឈមផងដែរ គឺយន្តការត្រីភាគីនេះ កំពុងតែខិតខំរកមធ្យោបាយ ក្នុងការធានានូវនិរន្តរភាពរបស់ខ្លួន ជាពិសេសនិរន្តរភាពផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តដំណើរការងារតទៅមុខ។ លោកបានមានប្រសាសន៍ថា កំពុងសិក្សាធ្វើយ៉ាងណាឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ អាចមានជម្រើសក្នុងការធានាតាមរយៈ ការដាក់ចូលក្នុងប្រព័ន្ធជាតិ មានជំនួយមូលនិធិពីរាជរដ្ឋាភិបាល ឬការលើកទឹកចិត្តឱ្យសមគមនិយោជក និងដៃគូរពាក់ព័ន្ធចូលរួមផ្តល់មូលនិធិ ដើម្បីធានាឱ្យបាននូវឯករាជ្យភាព របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកសាស្រ្តាចារ្យ ដែលជាសន្ធានការី (Mediator) និងជាអាជ្ញាកណ្តាល (Arbitrator) ប្រកបដោយបទពិសោធន៍ និងជំនាញដោះស្រាយវិវាទ ក្នុងវិស័យការងារជាច្រើនឆ្នាំ ទាំងនៅសហរដ្ឋអារិក និងបណ្តាប្រទេសមួយចំនួន បានលើកពីបទពិសោធន៍ ការងាររបស់លោក នៅអាស៊ី ដែលលោកបានផ្តោតការយកចិត្តទុកដាក់ និងបង្រៀននៅតាមមហាវិទ្យាល័យដូចជា នៅវៀតណាម ចិន និងមីយ៉ាន់ម៉ា
លើការបណ្តុះបណ្តាល ជំនាញប្រព័ន្ធដោះស្រាយលើវិវាទការងារ។ លោកសាស្ត្រាចារ្យ បានទទួលស្គាល់ថា មិនថាប្រទេសណាទេ ប្រព័ន្ធក្រុមប្រឹក្សាអាជ្ញាកណ្តាល តែងមានបញ្ហាប្រឈមក្នុងការរក្សានិរន្តភាព ដែលប្រទេសខ្លះមានជំនួយមូលនិធិពីតែភាគីរដ្ឋាភិបាល និងប្រទេសខ្លះទៀត ពីខាងភាគីនិយោជក និងខាងសហជីព។ លោកក៏បានថ្លែងអំណរគុណ ដល់លោករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយស ដល់រូបលោក និងក្រុមការងារបានចូលជួប និងផ្លាស់ប្តូរបទពិសោធន៍បន្ថែម លើវិស័យការងារនេះ។ តបតាមសំណើរបស់ លោករដ្ឋមន្ត្រី លោកសាស្ត្រាចារ្យ បានសំដែងនូវក្តីរីករាយ ក្នុងការត្រៀមខ្លួនជួយបណ្តុះបណ្តាល លើមន្ត្រីពាក់ព័ន្ធទៅនឹងការដោះស្រាយ វិវាទការងារ នៅពេលដែលក្រសួង បានបង្កើតវិទ្យាសា្ថនជាតិការងារ នាពេលខាងមុខឆាប់ៗ៕

អត្ថបទដែលជាប់ទាក់ទង