ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនដៃដល់ម្នាក់ កាប់បុរសដល់ផ្ទះចំនួន១១ពូថៅ​ដោយចោទថាចេះធ្វើអំពើ

74


ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលជាជនដល់ យកពូថៅ កាប់ទៅបុរសម្នាក់យ៉ាងសុះសាច់ចំនួន១១ពូថៅ​ ស្ទើរស្លាប់ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ សហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការខេត្ត បានឃាត់ខ្លួន នៅវេលាម៉ោង៥:៣០នាទីព្រឹក ថ្ងៃទី២២ មករា ២០១៩នេះ នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ជាមួយនឹងវត្ថុតាងពូថៅមួយ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនដៃដល់ឈ្មោះវង់ ដែន អាយុ២៨ឆ្នាំ ។ ជនរងគ្រោះឈ្មោះណក សល់ អាយុ៤៤ឆ្នាំ។ ពួកគេស្នាក់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ។ សមត្ថកិច្ចបានឲ្យដឹងថា អំពើហឹង្សាដ៏ឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី២១មករា នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ជនដៃដលបានប្រើប្រាស់ពូថៅ កាប់ទៅលើជនរងគ្រោះ ចំនួន១១ពូថៅ បណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ រួចរត់គេចខ្លួនមួយយប់ លុះព្រឹកទើបត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ ជនដៃដល់ បានទៅអង្គុយចាំកាប់សម្លាប់ជនរងគ្រោះដល់ផ្ទះ ដោយចោទថា ជនរងគ្រោះ ចេះធ្វើអំពើអាបធ្មប់ ហើយថែមទាំង បានធ្វើអំពើនេះ ទៅលើខ្លួនទៀត ទើបជនដៃដល់ខឹង ក៏ទាញពូថៅកាន់នៅនឹងដៃ ទៅអង្គុយរងចាំកាប់សម្លាប់ជនរងគ្រោះដល់ផ្ទះតែម្ដង។ ពេលនេះ កម្លាំងជំនាញកំពុងសាកសួរជនដៃដល់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ហើយ ខណៈជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង