ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល នឹងចាត់វិធានការតាមច្បាប់ចំពោះ វត្តមានទណ្ឌិត សម រង្ស៉ី នៅកម្ពុជា

59


ភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការតាមច្បាប់ចំពោះវត្តមានរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ នៅក្នុងប្រទេសកម្ពុជា បើសិនជាមានសំណើណាមួយពីតុលាការ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍របស់ សម រង្ស៉ី គឺជាឆន្ទៈបុគ្គលសុទ្ធសាធ ពីព្រោះការចាកចេញពីមាតុភូមិរបស់ សម រង្សី ក៏ជាជម្រើសផ្ទាល់ខ្លួន និងមានចរិតជាឯកជនរបស់បុគ្គលរូបនេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា៖ ការប្រើប្រាស់មាតុភូមិនិវត្តន៍របស់ សម រង្ស៊ី ទោះបីជាតាមរយៈក្រុម ឬអង្គការណាក៏ដោយ ដើម្បីបង្កើតជារូបភាពនយោបាយពាក់ព័ន្ធទៅនឹង សកម្មភាពនៃអតីតគណបក្ស ដែលត្រូវបានរំលាយចោល តាមអំណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ ត្រូវបានចាត់ទុកជាអំពើប្រឆាំងនឹងអំណាចតុលាការពិតប្រាកដ ដែលច្បាប់បានកំណត់ និងហាមប្រាម។

លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាល សូមបញ្ជាក់ថា គឺនៅតែរក្សា និងគោរពអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យនៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ក៏ដូចជាអំណាចនីតិប្បញ្ញត្តិផងដែរ។ នៅក្នុងបរិការណ៍នេះ បើមានការស្នើសុំណាមួយពីតុលាការ រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនឹងចាត់វិធានការអនុវត្តតាមអំណាចផ្លូវច្បាប់»៕

អត្ថបទដែលជាប់ទាក់ទង