ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់ទូរស័ព្ទដៃបានសម្រេច ស្ត្រីរងគ្រោះចិត្តសឿង ជិះម៉ូតូដេញបុកអោយដួល ចាប់បាន២នាក់ជាក់ស្តែង

128

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបានជាក់ស្តែង ខណៈដែលជនសង្ស័យឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច ហើយត្រូវស្ត្រីរងគ្រោះ ចិត្តសឿងជិះម៉ូតូដេញបុកបណ្តាលអោយដួលម៉ូតូទាំងអស់គ្នា ទើបប៉ូលីស ចាប់បាន២នាក់ជាក់ស្តែងតែម្តង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីរសៀល ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៣និង០០នាទី នៅចំណុចមុខផ្ទះលេខ៣០៩ ផ្លូវលេខ១៥៦ ក្រុមទី៣៤ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ក្រោយពីប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវ លេខ២៦១ ក្រុមទី៣៥ ភូមិ១២ សង្កាត់ ទឹក ល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ១ ឈ្មោះ ហង្ស ចាន់វាសនា ហៅ ស្នា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវ២០០១ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
២ ឈ្មោះ ដុស ឧត្តម ហៅ ដម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ថេ លីន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងសំណង់ ស្នាក់នៅផ្ទះលេខ ៥៥D ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរងរបួសកំភួនដៃទាំងសងខាង និងរបួសខ្នងជើងខាងស្ដាំ ។
វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Honda C125ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាក លេខ ភ្នំពេញ 1GW-0416 ដែល មានលេខតួ និងលេខម៉ាស៊ីន: 5222394 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ហង្ស ចាន់វាសនា ហៅ ស្នា ) ។
ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាក I phone 6Plus ពណ៌ផ្កាឈូក មួយ (ជារបស់ឈ្មោះ ហង្ស ចាន់វាសនា ) និងពណ៌ទឹកមាសមួយគ្រឿងជារបស់ឈ្មោះ ដុស ឧត្តម ) ។
ទូរស័ព្ទដៃមួយគ្រឿងម៉ាក Huawei Y9-2018 ពណ៌ខ្មៅ ស៊ីមពីរ 098 437068 និងលេខ092 970372 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់)( ចាប់យកពីឈ្មោះ ដុស ឧត្តម )។
បច្ចុប្បន្ន:ទូរស័ព្ទរបស់ជនរងគ្រោះ សមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។
មន្ត្រីប៉ូលីសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅមុនពេលកើតហេតុគឺ វេលាម៉ោងប្រហែល ១២និង៥៥នាទី ជនរងគ្រោះឈ្មោះ ថេ លីន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125ពណ៌ខ្មៅ ចេញពីផ្ទះក្នុងគោលបំណងទៅទិញឥវ៉ាន់ នៅហាងKAP នៅម្ដុំក្បែរមន្ទីរពេទ្យលោកសង្ឃ ក្នុងសង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជនរងគ្រោះបានដាក់ ទូរសព្ទដៃមួយគ្រឿងម៉ា Huawei Y9 -2018 ពណ៌ខ្មៅទុកក្នុងហោប៉ៅខោខាងមុខចំហៀងខាងឆ្វេង លុះពេលជនរងគ្រោះជិះម៉ូតូមកដលចំណុចមុខផ្ទះលេខ៣៩ ផ្លូវលេខ២៦១ ក្រុមទី៣៥ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G1GW-0416 ១-ឈ្មោះ ហង្ស ចាន់វាសនា ហៅ ស្នា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ដុស ឧត្តម ហៅ ដម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ដោយជនសង្ស័យឈ្មោះ ហង្ស ចាន់វាសនា ហៅ ស្នា ជាអ្នបើកម៉ូតូ ចំណែកឈ្មោះ ដុស ឧត្តម ជាអ្នកជិះពីខាងក្រោយ បានជិះមកពីខាងក្រោយជនរងគ្រោះឈ្មោះ ថេ លីន រួចហើយជនសង្ស័យឈ្មោះ ហង្ស ចាន់វាសនា ហៅ ស្នា បានជិះម៉ូតូមកអែបខាងឆ្វេងដៃជនរងគ្រោះរួចជនសង្ស័យឈ្មោះ ដុស ឧត្តម បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីហោប៉ៅខោរបស់ជនរងគ្រោះ បានសម្រេចហើយជនសង្ស័យទាំងពីរព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាម នោះជនរងគ្រោះបាន ព្យាយាមជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យរួចស្រែកថាចោរៗ ក្នុងពេលជនរងគ្រោះជិះដេញតាមជនសង្ស័យទាំងពីរ បានយកមួកការពារសុវត្ថិភាព គប់មកលើជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានជិះបំបុក ម៉ូតូរបស់ជនសង្ស័យទាំងពីរបណ្ដាលឲ្យដួលម៉ូតូទាំងអស់គ្នា បណ្ដាលឲ្យជនរងគ្រោះរងរបួសកំភួនដៃទាំងពីរទាំងសងខាង , របួសលើខ្នងជើងខាងស្ដាំ ភ្លាមនោះក៏មានការអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ ទី២ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ហង្ស ចាន់វាសនា និងជនសង្ស័យឈ្មោះ ដុស ឧត្តម រួចបញ្ជូនយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើ សមត្ថកិច្ចយើងបានយក ទឹកនោមជនសង្ស័យទាំងពីររូប នេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹក នោម ជាលទ្ធផលមានភាព វិជ្ជាមាន ។
បច្ចុប្បន្ន: ជនសង្ស័យទាំងពីរខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង