ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯម ឡេងលីលេចមុខ មកប្រកួតជាមួយ អ្នកប្រដាល់អ៊ីរ៉ង់ នៅអាស៊ីអាគ្នេយ៍

161

​ភ្នំពេញ: អ្នកប្រដាល់ទម្ងន់ធ្ងន់កម្ពុជា ឯម ឡេងលី ក្លិបថ្មគោលខណ្ឌពោធិ៍សែនជ័យ ត្រៀមខ្លួនរួចហើយ ដើម្បីប្រកួតជាមួយអ្នកប្រដាល់ ជនជាតិអ៊ីរ៉ង់ហូសេន (Hosein) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

​ហូសេន គេហ្វឹកហាត់ប្រដាល់ នៅប្រទេសថៃ គេទើបតែឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងនេះទេ ។ មិនមាននរណាដឹងថា អ្នកប្រដាល់រូបនេះ មានសមត្ថភាពប៉ុណ្ណា ហើយមានរបៀបវ៉ៃអស្ចារ្យ ក៏ជាអ្នកប្រដាល់ដែលអន់នោះឡើយ ។ សម្រាប់អ្នកប្រដាល់កម្ពុជា ឯម ឡេងលី ក៏មិនមែនជាអ្នកប្រដាល់ ដែលខ្លាំងនោះដែរ ។

​ឡេងលី គេទើបតែប្រកួតចាញ់ពិន្ទុ អ្នកប្រដាល់រុស្ស៊ីអាតធឺ ស៊ូស៊ីនស្គី (Arthur Shushinsky) ពេលនេះគេឡើង តស៊ូជាមួយអ្នកប្រដាល់អ៊ីរ៉ង់ មិនដឹងថាគេអាចយកឈ្នះបាន ឬក៏យ៉ាងណានោះឡើយ ។

​អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៣៥ដង ឈ្នះ២៧ដង ចាញ់៧ដង និង ស្មើពិន្ទុ ១ ដង ។ ចំពោះអ្នកប្រដាល់អ៊ីរ៉ង់ ហូសេន វិញ គេមានប្រវត្តិប្រកួតចំនួន៣៥ដងដែរ ដែលក្នុងនោះឈ្នះបាន២៥ដង ចាញ់ ១០ដង ។ ឆ្លងដែនមកប្រកួតលើកដំបូងបែបនេះ ហូសេន ស្ពាយជ័យជំនះត្រឡប់ទៅវិញ ឬ ស្ពាយបរាជ័យទៅវិញ ?

​លី ភា ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត រ៉ាក់ណង (Yorth Raknong) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

​នេះជាឱកាសដ៏កម្រមួយ របស់អ្នកប្រដាល់កម្ពុជារូបនេះ ក្នុងការប្រកួតជាមួយបរទេស ។ ការប្រកួតនេះប្រសិន បើគេបានទទួលជ័យជំនះ គេនឹងទទួលបានឱកាសកាស់ កាន់តែថែមទៀត ក្នុងការប្រកួតជាមួយបរទេស ។ សូមបញ្ជាក់ថា ការប្រកួតជាមួយអ្នកប្រដាល់បរទេស មានតម្លៃខ្លួនខ្ពស់ជាង ការប្រកួតជាមួយអ្នកប្រដាល់រួមជាតិ ។

​លី ភា មានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៥ ដង ចាញ់១១ ដង ។ យ៉ត រ៉ាក់ណង គេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ គួរសមដែរ គេមិនមែនជាអ្នកប្រដាល់ ដែលស្រួលបង្ក្រាបនោះទេ ។ កណ្ដាប់ដៃ និងស្នៀតទាត់របស់គេល្អវ៉ៃចេញបានលឿន និងចល័តដកថយបានរហ័ស ។ គេមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៥ដង ចាញ់១៧ដង ។ ការប្រកួតនេះទាំងសងខាងសុទ្ធតែតាំងចិត្ត យកឈ្នះដូចគ្នា មិនដឹងថា នរណាជួបជោគជតាល្អនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង