ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣២ប្រទេសចូលរួម ប្រកួតព្រឹត្តិការណ៍ ប្រដាល់សាកល បើកទូលាយនៅប្រទេសថៃ

162

​ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតប្រដាល់សាកល បើកទូលាយលើកទី១ នៅប្រទេសថៃ ដែលកម្ពុជាបញ្ជូនកីឡាករចំនួន ៣ រូប ទៅចូលរួមនោះ មានប្រទេសចំនួន៣២ មកពីគ្រប់ទ្វីបទាំងអស់ចូលរួម ។

​នេះជាការប្រកួត ក្នុងក្របខ័ណ្ឌប្រដាល់សាកលស្ម័គ្រចិត្ត ក្រោមការគ្រប់គ្រង របស់សមាគមអន្តរជាតិប្រដាល់សាកលស្ម័គ្រចិត្ត ដែលហៅថា AIBA(Association International Boxing Amateur) ។លោកវ៉ែន សុផលជាប្រធានប្រតិភូ និង ជាគ្រូបង្វឹកជម្រើសជាតិ បានរាយការណ៍ ពីទីក្រុងបាងកក មកថាកីឡាករកម្ពុជា ៣រូបរួមជាមួយរូប លោកនិងគ្រូបង្វឹកជនជាតិគុយបា បានធ្វើដំណើរតាមរថយន្ដ ដល់ទីក្រុងបាងកក នៅល្ងាចថ្ងៃទី២៧ មិថុនា ថ្ងៃទី២៨នឹង ធ្វើការប្រជុំបច្ចេកទេស ថ្ងៃទី២៩មិថុនា ថ្លឹងទម្ងន់ និងការប្រកួតចាប់ផ្ដើម ពីថ្ងៃទី៣០មិថុនា ដល់ថ្ងៃទី៦កក្កដា ។

​នេះជាលើកទី១ហើយ ដែលប្រទេសថៃ រៀបចំព្រឹត្តិការណ៍ប្រកួត ប្រដាល់សាកលកម្រិតអន្តរជាតិបែបនេះ ហើយការប្រកួតនេះ គ្រប់គ្រងសមគម ប្រដាល់ស្ម័គ្រចិត្តអន្តរជាតិ (AIBA)និងទទួលខុសត្រូវ ដោយសមាគមប្រដាល់សាកលស្ម័គ្រចិត្តថៃ ។

​ព្រឹត្តិការណ៍នេះមានឈ្មោះថា<The 1st Thailand Open International Boxing Tournament 2018>នេះ ជាការប្រកួតដ៏ធំមួយ ដែលកម្ពុជា នឹងលំបាកក្នុងការស្វែងរកមេដាយ ។

សូមបញ្ជាក់ថា កីឡាករកម្ពុជា៣រូប ដែលទៅចូលរួមប្រកួតនោះ មានឡន សៀម ជាកីឡាករជម្រើសជាតិ មកពីក្លិបមេសរថ្ងកខេត្តស្វាយរៀង ដែលប្រកួតក្នុងប្រភេទ ទម្ងន់៤៩គីឡូក្រាម ។ កីឡាករ ណាត សៀកនិន ហៅពេជ្រ ម្ទេសខ្មាំង ដែលជាកីឡាករជម្រើសជាតិ មកពីក្លិបអារុណរះកីឡា គេប្រកួតក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម និង កីឡាករ ស៊ឹម វិសិដ្ឋ មកពីក្លិបតាឡីដំរីមានរិទ្ធ ដែលប្រកួតក្នុងប្រភេទ​ ទម្ងន់៦០គីឡូក្រាម ។

នៅក្នុងការប្រកួតនេះ បើនរណាឡើង ដល់វគ្គ១៦នាក់ចុងក្រោយ មួយប្រកួត បានរង្វាន់១០០ដុល្លារ មកដល់វគ្គ៨នាក់ ចុងក្រោយមួយប្រកួត បាន២០០ដុល្លារ វគ្គ៤នាក់ចុងក្រោយ មួយប្រកួត៣០០ដុល្លារ និងវគ្គផ្ដាច់ព្រ័ត្រ បាន៥០០ដុល្លារ។
ក្នុងព្រឹត្តិការណ៍នេះ បើប្រទេសណា ដណ្ដើមបានមេដាយ ឈរនៅលំដាប់លេខ១ បានរង្វាន់១០.០០០
ដុល្លារ, លេខ២បាន៧.៥០០ដុល្លារ និងលេខ៣ បាន៥.០០០ដុល្លារ ៕

 

អត្ថបទដែលជាប់ទាក់ទង