ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជអាជ្ញា ចោទប្រកាន់បទ គំរាមកំហែង តែចៅក្រមដោះលែងលោក​ ម៉ៅ​ ច័ន្ទរស្មី​ មន្ត្រីក្រសួងរៀបចំដែនដី ស្រវឹងស្រាជោគបើករថយន្តបុកគេ ហើយដកកាំភ្លើងភ្ជង់សមត្ថកិច្ច

125

ភ្នំពេញ៖​ អ្នកលេងហ្វេសប៊ុកម្នាក់ បានសូមថ្លែងអំណរគុណចំពោះលោក​ ចៅក្រមសេង រិទ្ធី ដែលបានសម្រេចដោះលែងលោក​ ម៉ៅ​ ច័ន្ទរស្មី​ អនុប្រធាននាយកដ្ឋាន​បច្ចេកទេស​ និង​ អភិវឌ្ឍន៍​លំនៅដ្ឋាន​ ឲ្យត្រឡប់ទៅផ្ទះវិញ​ ដោយលោក​ ម៉ៅ​ ច័ន្ទរស្មី​ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បច្ចេកទេស និង អភិវឌ្ឍ​លំនៅ​ដ្ឋា​ន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ គ្មានបទល្មើសធំដុំទេ​ គ្រាន់តែស្រវឹងស្រា​ បើករថយន្តបុកគេ ហើយបើករត់ ពេលសមត្ថកិច្ចតាមឃាត់ បានដកកាំភ្លើងភ្ជង់សមត្ថកិច្ចតែប៉ុណ្ណោះ​ ។​

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង រិ​ទ្ធី កាលពី​ថ្ងៃ​ទី​២៨ មិថុនា បាន​ស​ម្រ​ច​ធ្វើការ​ដោះ​លែង​អនុប្រធាន​នាយកដ្ឋាន​ម្នាក់​ដែល​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង ដក​អាវុធ​ខ្លី ភ្ជង់​គំរាម​លើ​សមត្ថកិច្ច​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌចម្ការមន ឲ្យ​មាន​សេរីភាព​វិញ​។ អនុប្រធាន​នាយកដ្ឋាន​រូប​នោះ​ឈ្មោះ ម៉ៅ ច័ន្ទ​រស្មី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤E ផ្លូវ ២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បច្ចេកទេស និង អភិវឌ្ឍ​លំនៅ​ដ្ឋា​ន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។

លោកផែង វណ្ណៈ បានសរសេរក្នុងផេកហ្វេសប៊ុកថា “ការបើកបរក្នុងស្ថានភាពស្រវឹង​ទៅបុកគេ​ និង​ ដកកាំភ្លើងភ្ជង់សមត្ថកិច្ច មិនមែនជាបទល្មើសព្រហ្មទណ្ឌដែលត្រូវជាប់គុកជាប់ច្រវាក់ទេ​ ។​ គុក​ និង​ ច្រវ៉ាក់សម្រាប់ដាក់តែកូនអ្នកក្រតូចទាបតែប៉ុណ្ណោះ​ ។​ ហេតុនេះហើយទើបលោកចៅក្រម​ សេង​ រឹទ្ធី​ សម្រេចដោះលែងអោយទៅផ្ទះវិញអាចបន្តដើរផឹកស៊ី​ និង​ ដកកាំភ្លើងភ្ជុងសមត្ថកិច្ចថែមទៀតបាន​ ។​ ម្សិលម៉ិញ​លោកចៅក្រម​ ពេជ្រ​ វិជ្ជាធរ​ សម្រេចដោះលែងលោក​ ឧត្ដមសេនីយ៍​ ប៉ិច​ តុងហេង​ ម្ចាស់ខុនដូនៅ​ បឹងកេងកង​ ៣​ ដែលដកកាំភ្លើងវាយក្បាលអ្នករើសអេដចាយ​ ឲ្យត្រឡប់ទៅផ្ទះវិញ​ ។​
ទង្វើដ៏ឧត្ដុងឧត្ដមថ្លៃថ្លារបស់លោក​ចៅក្រម​ ទទួលបាន​ការកោតសរសើរយ៉ាងខ្លាំងក្លាពីមហាជន​ និង​ ថ្នាក់លើ​ ។​ សូមអោយអស់លោកចៅក្រមបន្តដោះលែងបន្ថែមទៀតដើម្បីអោយជនបង្ករបានឱកាស​ទៅបោះឆ្នោតផង​ “។

លោក ម៉ៅ ច័ន្ទ​រស្មី បាន​ត្រូវ​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ គំរាមកំហែង ហើយ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​ ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន អាស្រ័យ​លើ​ឆន្ទា​នុ​សិទ្ធ របស់​លោក​ចៅក្រម​កាន់​សំណុំរឿង​នោះ​។ គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ មិថុនា លោក ម៉ៅ ច័ន្ទ​រស្មី បាន​បើករថយន្ដ​ម៉ាក toyota higlander ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៩៧៦៦ បុក​គូទ​រថយន្ត​គេ​មួយ​គ្រឿង​ម៉ាក toyota prius ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-១៩១៤ បើកបរ​ដោយ​ឈ្មោះ ហ៊ុន សំ​សែន​ឧត្តម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច​។

មន្ត្រីនៃក្រសួងរៀបចំដែនដីដែលស្រវឹងស្រាជោក​ បើករថយន្តទៅបុករថយន្តអ្នកដ៏ទៃពីក្រោយ ហើយបើករត់ ពេលសមត្ថកិច្ចប្រដេញឃាត់បានក៏ដកកាំភ្លើងគំរាមសមត្ថកិច្ចកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅនោះ ឥឡូវត្រូវបានចៅក្រមសំរេចធ្វើការដោះលែងដោយមិនឃុំខ្លួននោះទេ ដែលករណីសំរេចមិនឃុំខ្លួននេះ បានធ្វើអោយមានការរិះគន់ផងដែរ ព្រោះគ្រាន់តែទោសបើកបរទាំងស្រវឹងដែលមានកំរិតជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុង១លីត្រខ្យល់ឡើងទៅ ក៏ត្រូវមានទោសជាប់ពន្ធនាគារពី៦ថ្ងៃទៅ៦ខែ ឬនិងពិន័យជាប្រាក់ពី២៥.០០០រៀលទៅ១លានរៀលដែរ នេះមិនទាន់គិតពីការប្រើប្រាស់អាវុធគំរាម ទៅលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនៅឡើយទេ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង មន្ត្រីក្រសួងដែនដីរូបនេះ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕

 

អត្ថបទដែលជាប់ទាក់ទង