ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការកំពូល ៖ លោក គឹម សុខ ជាប់ឃុំខ្លួន នៅពន្ធនាគារព្រៃស១៨ខែ ដដែល

110

ភ្នំពេញ៖ តុលាការកំពូល នៅថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានសម្រេចឲ្យលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា នៅពីក្រោយនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែដដែលនេះ យោងតាមការ សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួនលោក គឹម សុខបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ដោយចោទ ប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការវិភាគទាក់ទងករណីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្នលោក គឹម សុខ ដែលកំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយមេធាវីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដូចគ្នា គឺពាក់ព័ន្ធករណីលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មេធាវីរបស់សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹង លោក គឹម សុខ ដោយទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីអ្នកវិភាគរូបនេះ បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយករណីឃាតកម្មលោកបណ្ឌិត កែម ឡី ៕

អត្ថបទដែលជាប់ទាក់ទង