ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធវែងទំនើប៤១ដើម ត្រូវបំពាក់ជូនកម្លាំងនគរបាលអន្តរាគមន៍ រាជធានីភ្នំពេញ ដើម្បី ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ដល់ពលរដ្ឋ

122

(ភ្នំពេញ)៖ក្នុងគោលបំណងដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរនៅទូទាំងរាជធានីភ្នំពេញ អាវុធវែងចំនួន៤១ដើម ត្រូវបានបំពាក់ជូនកម្លាំងនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ។

អាវុធវែងថ្មីៗ ទាំង៤១ដើមនេះ ត្រូវបានបំពាក់ដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដោយមានចូលរួមពីនាយឧត្តម សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា ការបំពាក់អាវុធវែងចំនួន៤១ដើម ជូនកងកម្លាំង នគរបាលអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យកងកម្លាំងទាំងនោះ បង្កើតកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅជូនប្រជាពលរដ្ឋ ក៏ដូចជា ដំណើរការបោះឆ្នោតផងដែរ។ វាជារឿងធម្មតា មិនមានអ្វីចំឡែកនោះទេ ហើយបើកងកម្លាំងមិនមានអាវុធកាន់ តើឲ្យទៅធ្វើជាកងកម្លាំង នៃស្ថាប័នយ៉ាងដូចម្តេចទៅ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានបញ្ជាទៅកងកម្លាំងនគរបាលទាំងអស់ ទាំងជំនាញការិយាល័យ និងនគរបាលទាំង១២ខណ្ឌ ត្រៀមជានិច្ចចំពោះកិច្ចសហការគ្នាលើការថែរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋានឲ្យជាប់ជាប្រចាំ ជូនប្រជាពលរដ្ឋទាំងអស់ និងត្រូវជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបាតុភាពណាមួយកើតឡើង ដោយការរៀបចំរបស់ក្រុមអគតិខ្លះ និងបាតុភាពកើតឡើងដោយយថាហេតុនោះ។ នាយឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលបានគិតគូមកលើកងកម្លាំងនគរបាល ហើយនាយឧត្តមសេនីយ៍បានសន្យាថា កងកម្លាំងទាំងអស់នឹងប្រើប្រាស់អាវុធទាំងនេះ ស្របទៅតាមច្បាប់ និងមិនឲ្យមានការប៉ះពាល់ដល់ពលរដ្ឋនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង