ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើពិនិត្យមើលទណ្ឌិតជាស្ត្រី កំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ធូរបន្ថយទោស ព្រោះស្រ្តីអ្នកទោសមួយចំនួន កំពុងប្រឈម នឹងបញ្ហាជាច្រើន

106


ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹក និងជំរុញឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រី ដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ធូរបន្ថយទោសឲ្យបានលឿន ព្រោះស្រ្តីអ្នកទោសមួយចំនួន កំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចជា មានកូនក្នុងបន្ទុក ដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម។

នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” ដែលធ្វើឡើងនៅវិមានសន្តិភាព។ កិច្ចប្រជុំប្រចាំឆ្នាំនេះគឺត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍ទាំងឡាយលើការងាររបស់ “ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី” ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី ជាពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន មានមោទនភាពយ៉ាងខ្លំាង ចំពោះការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើន ៧,៥ភាគរយ ដោយមានការឃ្លាំមើលនិងវាយតម្លៃផងដែរពី World Bank និង IMF។ កត្តានេះ គឺបានមកដោយកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ។ កម្ពុជានៅតែប្រកាន់ជំហរ និងត្រូវតែថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចឲ្យបានរឹងមាំល្អ ដើម្បីបន្តការអភិវឌ្ឍ និងភាពរីកចម្រើនតទៅមុខទៀត។ សម្តេចតេជោ បានលើកបង្ហាញជាក់ស្តែង ចំពោះប្រទេសមួយចំនួន ដែលកំពុងមានសង្រ្គាមនិងអសន្តិសុខដូចជា ប្រទេសអៀរ៉ាក់, សៀរី, យ៉េម៉ែន, លីបៀ ,ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម ដែលកំពុងធ្វើឲ្យស្រ្តី និងកុមារទទួលរងគ្រោះនិងបាត់បង់អស់ឱកាស។ ចំពោះកម្ពុជាវិញ គឺយើងមិនត្រូវឲ្យស្ត្រី និងកុមារបាត់បង់ឱកាសណាមួយ ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិឡើយ។ សព្វថ្ងៃនេះ នៅក្នុងសហគ្រាសធន់តូចនិងមធ្យម ដែលបានចុះបញ្ជីជាង១៥៦.៨៥០ គឺមានស្រ្តីកគ្រប់គ្រងធ្វើការប្រមាណ ៨.២២៨ ហើយចំពោះរោងចក្រកាត់ដេរវិញ គឺមានចំនួនស្ត្រីបម្រើការងារប្រមាណជាង ៩០ភាគរយ ដែលទទួលបានប្រាក់ខែសមមរម្យ នឹងអត្ថប្រយោជន៍ជាច្រើនថែមទៀត។

ជាមួយគ្នានេះផងដែរ កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេ ចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូចំពោះម៉ោងចេញ-ចូល និងម៉ោងសម្រាកចំពោះកម្មការិនី ដែលទទួលបានការពិនិត្យផ្ទៃពោះ ដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ព្រមទាំងទទួលបានថវិកា ក្នុងពេលសម្រាលកូនទៀតផង។ ជាពិសេសទៀតនោះ គឺក្នុងពេលសម្រាលកូន គឺបានឈប់សម្រាករយៈពេល ៣ខែ ហើយទទួលបានប្រាក់ខែ១២០ភាគរយទៀតផង។ នៅពេលដែលរដ្ឋាភិបាល មានចំណូលកាន់តែខ្ពស់ គឺនឹងបន្ថែមអត្ថប្រយោជន៍ ដល់ស្រ្តីកាន់តែច្រើនថែមទៀត។

ទាក់ទងនឹងវិស័យអប់រំវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញឲ្យស្ត្រី បានបន្តការសិក្សាឲ្យបានច្រើន ដើម្បីឲ្យធនធានមនុស្សរបស់យើង កាន់តែសម្បូរបែប។ ក្នុងការប្រឡងបាក់ឌុបកន្លងមក គឺយើងសង្កេតឃើញចំនួនសិស្សជាស្រ្តី ប្រឡងបាននិទ្ទេសល្អ ច្រើនជាងសិស្សបុរស។ ទោះបីបរិមាណសិស្សជាស្រ្តី មិនទាន់បានស្មើនឹងចំនួនសិស្សជាបុរសក៏ដោយ គឺយើងសង្កេតឃើញថា គម្លាតនេះកំពុងកាន់តែរួមតូច។ សម្តេចតេជោ បានមានប្រសាសន៍ អំពីការចំណាយថវិកា ប្រមាណជាង ២៣០លានដុល្លារកន្លងមក លើវិស័យអប់រំ គឺមានចំនួនប្រមាណពី ៦០ទៅ៧០លានដុល្លារ ត្រូវបានយកមកកសាងលំនៅដ្ឋាន ផ្ទះស្នាក់នៅរបស់កូនសិស្ស និងគ្រូបបង្រៀន នៅតាមសាលារៀនទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឲ្យសិស្សស្រី មានឱកាសបានបន្តការសិក្សា ឲ្យបានច្រើន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ជំរុញឲ្យមានការបណ្តុះបណ្តាលផ្សេងៗ ដល់ស្ត្រីតាមរយៈការបើកវគ្គសិក្សាចំណេះដឹង និងជំនាញផ្សេៗ ដើម្បីបង្កើនសមត្ថិភាពបន្ថែមដល់ស្ត្រី។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា មន្ត្រីដែលបានតែងតាំងថ្មីៗ ក្នុងអណត្តិនេះ គឺត្រូវតែផ្តល់ការងារឲ្យពួកគេធ្វើ មិនមែនតែងតាំង ហើយទុកឲ្យនៅទំនេរនោះទេ ជាពិសេសស្ត្រី។ ចំពោះការចូលរួមរបស់ស្រ្តី ក្នុងក្របខ័ណ្ឌជាមួយអង្គការសហប្រជាជាតិ នៅក្រៅប្រទេសវិញ គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម ប៉ុល សារឿន បង្កើនការយកចិត្តទុកដាក់ ជ្រើសរើសទាហ៊ាន និងមន្រ្តីជំនាញជាស្រ្តី ឲ្យបានច្រើនថែមទៀត រួមទាំងមន្រ្តីជំនាញ និងគ្រូពេទ្យ សម្រាប់យកទៅធ្វើការនៅមន្ទីរពេទ្យ ដែលកម្ពុជា កំពុងប្រតិបត្តិការ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសអំពីអាយុ មន្ត្រីរាជការដែលត្រូវចូលនិវត្តន៍ គឺត្រូវកំណត់យកត្រឹមអាយុ ៦០ឆ្នាំ។ សូមក្រសួងមន្ទីរទាំងអស់ ត្រូវអនុវត្តឲ្យបានគ្រប់គ្នា។ ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយ ឲ្យកាន់តែមានសប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិចារណាក្នុងការបង្កើត “ក្រុមមេធាវីការពាក្តី” ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ របស់សម្តេចតេជោ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹក និងជំរុញឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រី ដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ធូរបន្ថយទោសឲ្យបានលឿន ព្រោះស្រ្តីអ្នកទោសមួយចំនួន កំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចជា មានកូនក្នុងបន្ទុក ដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម។ ត្រូវពិនិត្យសម្រួលព្យួរទោស ដោះចេញឲ្យពួកគាត់មានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្រ្តីទាំងនោះ។ គឺត្រូវដោះស្រាយលើកលែងសម្រួលទោស ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ ២០១៩ នេះគឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពអោយពួកគាត់បានទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង