នគបាលគ្រឿងញៀនរកឃើញទីតាំងក្លិបកម្សាន្ត និងបារបារាំង ចំនួន១២៩៥កន្លែង ប្រើប្រាស់ថ្នាំញៀន
ភ្នំពេញ ៖ នាយការិយាល័យគ្រឿងញៀនបានបញ្ជាក់ថា បានរកឃើញស្រាវជ្រាវ ទីតាំងពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន តាមបណ្តាក្លិបកំសាន្ត និងបារបារាំងមានចំនួន១២៩៥កន្លែង ក្នុងនោះជាង១ពាន់កន្លែង បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន។
នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ ដែលបានប្រព្រឹត្តធ្វើឡើងពេញ១ថ្ងៃ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
នៅក្នុងអង្គសន្និបាតនេះ មន្ត្រីនគរបាល និងនាយការិយាល័យជំនាញនីមួយៗ ឡើងរាយការណ៍អំពីបទល្មើស និងការបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន។ នាយការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា បានរកឃើញស្រាវជ្រាវទីតាំងពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន តាមបណ្តាក្លិបកម្សាន្ត និងបារបារាំង មានចំនួន១២៩៥កន្លែង ក្នុងនោះជាង១ពាន់កន្លែងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន។ លោកនាយការិយាល័យគ្រឿងញៀន បានបន្តថា ដោយឡែកបញ្ហាប្រឈម ទៅនឹងការ ចែកចាយ នៅតាមសំណង់មិនរៀបរយ ហើយបើតាមរបាយការណ៍ នៅតាមប៉ុសិ៍្តរដ្ឋបាលឃើញថា មាន៥គោលដៅដូចជា ៖ តំបន់បឹងឈូក និងគោលដៅផ្សេងៗទៀត ក្នុងខណ្ឌទាំង១២ នៅបឹងកក់ សង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ ហើយមើលទៅការចែកចាយ មិនជាការលក់ដូរធំដុំនោះទេ តែវាជាករណីចែកចាយយ៉ាងសកម្ម ហើយក្នុងការលក់ជួញដូរនេះ គឺភាគច្រើនគេប្រើប្រាស់លើកុមារតូចៗ ក្មេងតូចៗ ដែលមិនគ្រប់អាយុត្រឹម១២ ឬ១៣ឆ្នាំប៉ុណ្ណោះ ឬអាចជនពិការផងដែរក៏មាន។ មនុស្សទើបចេញពីពន្ធនាគារ គឺគេធ្វើសកម្មភាព នៅតំបន់មិនរៀបរយនេះ ក្នុងនោះ បានសង្កេតឃើញថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានចុះធ្វើរដ្ឋបាល ហើយបានរុះរើផ្ទះតូចៗ នៅតាមបណ្តោយផ្លូវរថភ្លើង សង្កេតឃើញថា មានការថមថយបន្តិចដែរ។
ដោយឡែកពាក់ព័ន្ធនិងករណីបទល្មើសព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានលើកឡើងឲ្យដឹងដែរថា បញ្ហាប្រឈមបទល្មើសឆក់ឃើញថា ការធ្វើផែនការ និងយុទ្ធនាការឃើញថា ធ្វើបានល្អ ក៏ប៉ុន្តែការធ្វើសកម្មភាពជាក់ស្តែងនៅមានកម្រិតទាប ការទប់ស្កាត់នៅមិនទាន់បទល្មើសឆក់។ លោកឧត្តមសេនីយ៍ទោ សុង លី បានស្តីបន្ទោសថា សមត្ថកិច្ចបង្ក្រាបបានតែបទល្មើសដែលស្រាវជ្រាវ ហើយករណីជាក់ស្តែងបង្ក្រាបបានតិចតួច ភាគច្រើនប្រជាពលរដ្ឋជាអ្នកចាប់ ឬដេញចាប់ជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចទៅវិញ ឬជនសង្ស័យខ្លួនរត់គេចខ្លួនហើយជួបគ្រោះថ្នាក់ចរាចរជាដើម។ ការរីករាលដាលគ្រឿងញៀន ក៏ជាបញ្ហាកើតមានបទល្មើសឆក់កើតឡើង និងបញ្ហាល្បែងស៊ីសងក៏ជាកត្តាជម្រុញឲ្យកើតមានបទល្មើសឆក់ផងដែរ។
យោងតាមរបាយការណ៍ និងការវាយតម្លៃសន្និដ្ឋានឃើញថា កិច្ចប្រតិបតិ្តការប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌ ជារួមទោះបីបទល្មើសកើនឡើង៨,៩៥ភាគរយ ប៉ុន្តែកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស ទទួលបានលទ្ធផលខ្ពស់ រហូតដល់៩០,៨២% នឹងការបង្ក្រាបគ្រឿងញៀនខុសច្បាប់ លើកទី៣ ត្រូវបានជំរុញខ្លាំងក្លា ដោយបង្ក្រាបបាន២.០២៤ករណី ឃាត់ខ្លួនបាន៣.៦៧០នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយក៏ត្រូវបានក្រសួងមហាផ្ទៃ លើកសរសើរ និងជូនរង្វាន់ ចំពោះបុគ្គល និងអង្គភាពដែលមានស្នាដៃកិច្ចប្រតិបតិ្តការបង្ក្រាបបទល្មើសនេះ។
គួរកត់សម្គាល់ផងដែរថា បទល្មើសព្រហ្មទណ្ឌ បានកើនឡើងខ្ពស់ នៅក្នុងខែមករា មិថុនា កក្កដា និងខែសីហា ក្នុងពេលដែលសមត្ថកិច្ចកំពុង ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់ពិធីបុណ្យធំៗ និងក្នុងពេលដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងរាជធានីភ្នំពេញ៕