ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស្នើឲ្យមន្រ្តី ដោះស្រាយទំនាស់នៅតាមមូលដ្ឋាន ពិសេសទំនាស់ដីធ្លី

97


បាត់ដំបង: សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តបាត់ដំបង ត្រូវប្រកាន់ខ្ជាប់គោលការណ៍យុត្តិធម៌ បញ្ចៀសឲ្យបាននូវការប្រើអំពើហិង្សា ពោលគឺធ្វើយ៉ាងណាឲ្យពលរដ្ឋមើលមក ឃើញថាអាជ្ញាធរមិនមានភាពលម្អៀង ពិសេសកុំងាកទៅតាមអំណាច ឬទឹកប្រាក់របស់ភាគីណាមួយ​ ។​

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង។

ក្រោមអធីបតីភាពសម្ដចឧបនាយករដ្ឋមន្រ្តី អភិបាលខេត្តបាត់ដំបង បានឡើងថ្លែងរបាយការណ៍ជូនអង្គពិធី ថាក្នុងរយៈពេលពេញមួយថ្ងៃទី២៧ ខែកុម្ភៈ សន្និបាតបានដំណើរការ ដោយមានសមាសភាពចូលរួម ពីគណៈអភិបាល និងក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ នាយកប៉ុស្ត៍រដ្ឋបាល ដៃគូអភិវឌ្ឍន៍ អង្គការ និងសមាគមនានា សរុប៦១១នាក់។

សន្និបាតនេះ បានផ្ដោតជាសំខាន់លើការពិភាក្សា ផ្ដល់យោបល់ និងលើកទិសដៅបន្ត ពាក់ព័ន្ធ បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ កិច្ចសហការរបស់អាជ្ញាធរមូលដ្ឋាន ការងារដីធ្លី ការប្រើប្រាស់ចំណីផ្លូវ បញ្ហាទឹកស្អាត សេវាច្រកចេញចូលតែមួយ សណ្ដាប់ធ្នាប់ និងអនាម័យក្រុង ការទទួលបាន និងការប្រើប្រាស់ប័ណ្ណ ប.ស.ស ការផ្គត់ផ្គង់សេវាអគ្គិសនី និងទឹកស្អាត។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេងឬ បានអញ្ជើញថ្លែងសុន្ទរកថា ដោយសម្ដេចបានមានប្រសាសន៍ថា ក្នុងនាមថា្នក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេច សូមកោតសរសើរថ្នាក់ដឹកនាំខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាខិតខំប្រឹងប្រែងធ្វើឲ្យ សម្រេចបានសមិទ្ធិផលការងារជាច្រើននៅឆ្នាំ២០១៨។

សម្ដេចបានមានប្រសាសន៍ថា ឆ្នាំ២០១៨កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដចតេជោ បានគ្រប់គ្រងយ៉ាងល្អប្រសើរនូវបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដែលធ្វើឲ្យសន្តិភាពបន្តកើតមានទូទាំងប្រទេស ពលរដ្ឋមានឱកាសប្រកបរបរការងារបានពេញលេញ ហើយក្រុមប្រឆាំងបានបារាជ័យជាបន្តបន្ទាប់ នូវការប៉ុនប៉ងអូសទាញពលរដ្ឋឲ្យចូលរួមសកម្មភាពខុសច្បាប់។

សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងក្ដីមោទនចំពោះលទ្ធផលនេះ ហើយអំពាវនាវឲ្យគ្រប់ភាគី បន្តរក្សានូវបរិយាកាសនេះជាបន្តទៀត ដោយសម្ដចបានគូសបញ្ជាក់ថាគឺកត្តាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិភាពនេះហើយ ដែលជាបង្អែកដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

សម្ដេចក្រឡាហោម ក៏បានរំលឹកឡើងវិញដែរ អំពីដំណើរការបោះឆ្នោតកាលពីឆ្នាំ២០១៨ ពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសម្ដេច បានទាញចំណាប់អារម្មណ៍អង្គសន្និបាតឲ្យកត់សំគាល់ ថាបើទោះបីជាមជ្ឈដ្ឋានប្រឆាំងនៅក្នុង និងក្រៅប្រទេសខ្លះ បានព្យាយាមបន្ទុចបង្អាក់ ប៉ុន្តែទីបំផុត ពលរដ្ឋបានផ្ដល់យុត្តិធម៌តាម រយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនលើសលុប។

សម្ដេច​ក្រឡាហោម​ ក៏បានមានប្រសាសន៍ឲ្យអង្គសន្និបាត ចាប់អារម្មណ៍ចំពោះប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលថ្លែងអំពីការធ្វើកំណែទម្រង់ផ្ទៃក្នុង និងពង្រីកមិត្តខាងក្រៅ ហើយសម្ដចក៏បានណែនាំឲ្យថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធ បន្តអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលការណ៍គ្រឹះ គឺលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ពាក់ព័ន្ធនឹងការងាររបស់រដ្ឋបាលខេត្ត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ផ្ដល់យោបល់ និងណែនាំឲ្យក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ត្រូវមានលេខទូរសព្ទ និងបណ្ដាញណាមួយឲ្យពលរដ្ឋងាយស្រួលផ្ដល់ព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហាប្រឈមនៅតាមមូលដ្ឋាន ពិសេសក្នុងស្ថានភាព ដែលកម្ពុជាកំពុងទទួលរងឥទ្ធិពលគ្រោះរាំងស្ងួត។

ម្យ៉ាងទៀតទាក់ទងនឹងដំណេីរការអនុវត្តគោលនយោបាលវិមជ្ឈការ និងវិសហមជ្ឈការវិញ សម្ដេច ស ខេង មានប្រសាសន៍ថានៅឆ្នាំ២០១៩ និង២០២០ រាជរដ្ឋាភិបាលត្រូវធ្វើឲ្យសម្រេចនូវកិច្ចការអាទិភាព៣ រួមមានទី ១ការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ទី២ការផ្ទេរបុគ្គលិក ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ និងការកែទម្រង់រចនាសម្ព័ន្ធ ការគ្រប់គ្រងរដ្ឋបាលក្រុងស្រុក។

ចំពោះបញ្ហាគ្រឿងញៀន សម្ដេចបានណែនាំថា មិនអាចរង់ចាំតែបទបញ្ជារាល់ថ្ងៃ រាល់ម៉ោងនោះទេ ពីព្រោះកម្ពុជាមានច្បាប់គ្រឿងញៀន មានគោលការណ៍ណែនាំពាក់ព័ន្ធរួចអស់ហើយ ដូច្នេះត្រូវតែដាក់វិធានការណ៍ទប់ស្កាត់ និងលុបបំបាត់ឲ្យបាន នូវបញ្ហាដែលនាំឲ្យប៉ះពាល់អនាគតយុវជន និងសន្តិសុខសាធារណៈមួយនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្ដេចបានថ្លែងអំពាវនាវជាថ្មីទៀត ឲ្យម្ចាស់អាជីវកម្មកំសាន្តនានា ចូលរួមគាំទ្រការលុបបំបាត់បញ្ហាគ្រឿងញៀន ហើយប្រសិនបើមិនបានចូលរួមទេ វិធានការណ៍ចុងក្រោយ គឺការអាជ្ញាធរនឹងចុះបង្ក្រាបដោយបិទអាជីវកម្មនោះតែម្ដង។ សម្ដេចបានក្រើនរំលឹកអាជ្ញាធរ និងសមត្ថកិច្ច មិនត្រូវខ្លាចជនដែលប្រព្រឹត្តអំពើខុសច្បាប់ជាដាច់ខាត។

ចំពោះការងារដោះស្រាយទំនាស់នៅតាមមូលដ្ឋាន ពិសេសទំនាស់ដីធ្លី សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តបាត់ដំបង ត្រូវប្រកាន់ខ្ជាប់គោលការណ៍យុត្តិធម៌ បញ្ចៀសឲ្យបាននូវការប្រើអំពើហិង្សា ពោលគឺធ្វើយ៉ាងណាឲ្យពលរដ្ឋមើល មកឃើញថាអាជ្ញាធរមិនមានភាពលម្អៀង ពិសេសកុំងាកទៅតាមអំណាច ឬទឹកប្រាក់របស់ភាគីណាមួយ​ ។​ សម្តេច​ ក្រឡាហោម​ ស​ ខេង​ ក៏បានមានប្រសាសន៍ដល់ ការបំពេញការងាររបស់អាជ្ញាធរមូលដ្ឋានដដែល សម្ដេចបានក្រើនរំលឹកមន្រ្តីរាជការសាធារណៈ ត្រូវតែចៀសវាងដាច់ខាត ការយកមធ្យោបាយរដ្ឋ បំរើឲ្យបក្ស ឬបុគ្គលផ្ទាល់ខ្លួន ហើយត្រូវបែងចែកឲ្យបានច្បាស់លាស់រវាងការងារបក្ស និងការងាររដ្ឋ និងសម្រាប់ការងាររដ្ឋ គឺមិនត្រូវប្រកាន់និន្នាការ ឬបក្សពួកឡើយ៕

អត្ថបទដែលជាប់ទាក់ទង