ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័របើក​លឿន ​មិន​ប្រយ័ត្ន ​រេ​ចង្កូត​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ

103

(ភ្នំពេញ​)៖​ បុរស​ម្នាក់​បើក​រថយន្ត​កុងតឺន័រ​លឿន ​មិន​ប្រយ័ត្ន​រេ​ចង្កូត​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ ​បណ្ដាល​រង​ការ​ខូចខាត​ទាំង​រថយន្ត​និង​សម្ភារៈ​មួយ​ចំនួន​ តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ​។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​ជាង​២យប់​ថ្ងៃ​ទី​០១​ ខែ​មីនា​ ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង ​ជិត​ផ្សារ​ឯករាជ្យ​៣ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ក្រុង​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ ​ប្រភេទ​សណ្ដោង​កុងតឺន័រ​មួយ​គ្រឿង​ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​រថយន្ត​ខាងបើក​ក្នុង​ល្បឿន​​លឿន ​ក៏​រេ​ចង្កូត​ងាកមក​ស្ដាំ​ដៃ ​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​រង​ការ​ខូចខាត​ទាំង​រថយន្ត​ និង​សម្ភារៈ​ក្នុង​ផ្ទះ​មួយ​ចំនួន​ តែ​សំណាង​ល្អ​ហេតុការណ៍​នេះ ​មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ​។ បន្ទាប់​ពី​បុក​ភ្លាមៗ​នោះ​អ្នក​បើក​បរ ​និង​ព្រូ​រថយន្ត ​បាន​នាំគ្នា​រត់​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យ និងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ដើម្បី​​រង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង