ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដកតំណែងអភិបាលរង ខេត្តព្រះសីហនុពីររូបក្រោយពីគំរាមដកតំណែងបានមួយថ្ងៃ

110

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកតំណែងអភិបាលរង២រូប នៃខេត្តព្រះសីហនុហើយ។ក្រោយការគំរាមដកតំណែងកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការអនុវត្តសាលដីកាលើវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ បណ្ដាលឲ្យមានមនុស្សរងរបួស និងចាប់ខ្លួនយ៉ាងហោច៦នាក់ កាលពីចុងខែមករាកន្លងទៅនោះ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីការសម្រេចបញ្ចប់មុខតំណែងរបស់អភិបាលរងទាំង២ តាមរយៈអនុក្រឹត្យបញ្ចប់មុខតំណែង នាថ្ងៃទី១ ខែមីនានេះ នៅមិនទាន់មានការបញ្ជាក់ថា មកពីមូលហេតុអ្វីឲ្យពិតប្រាកដឡើយ។

អនុក្រឹត្យខាងលើនេះ បានបញ្ជាក់ថា បញ្ចប់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចំនួន២រូប រួមមាន ទី១.លោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៣ និងទី២.លោក ផៃ ប៊ុនវណ្ណៈ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៥។

ពាក់ព័ន្ធនឹងការដកតំណែងអភិបាលរងទាំង២ នាពេលនេះដែរ សម្ដេចតេជោ បានចាត់ទុកថា គឺជាការយកគ្រាប់គ្រួស និងខ្សាច់ ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។ នេះបើតាមហ្វេសប៊ុកសម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការ វះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុ ពីររូប ចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែក ជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រី ខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះ ខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផលប្រយោជន៍ ប្រជាជន»។

ជាមួយគ្នា ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រសួងមហាផ្ទៃ ធ្វើការងារបន្ដលើអភិបាលរងខេត្តព្រះសីហនុទាំង២ ក្រោយដកចេញពីតំណែង។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យស៊ើបអង្កេតលើករណីប្រើប្រាស់កម្លាំងប្រដាប់អាវុធ មានកងទ័ពជាដើម ដែលបានចូលរួមអនុវត្តសាលដីការបស់តុលាការកំពូល នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីចុងខែមករាកន្លងទៅ លើវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាង១០០គ្រួសារកំពុងរស់នៅ ទៅឲ្យប្រជាពលរដ្ឋ៩គ្រួសារ ដែល គេ សង្ស័យ ថា ឈរ ឈ្មោះ ឲ្យ ឧកញ៉ា ស៊ីវ គង់ទ្រីវ និង ប្រពន្ធ ឈ្មោះ ហុង សួន បណ្តាលឲ្យមានការប៉ះទង្គិចគ្នា បង្កជាអំពើហិង្សា និងចាប់ខ្លួន ព្រមទាំងរងរបួសប្រជាពលរដ្ឋចំនួន៦នាក់។

ករណីរកឃើញកំហុសណាមួយ សម្តេចបញ្ជាឲ្យដកអភិបាលរង២រូប ប្រចាំខេត្តនេះតែម្តង។ ជាមួយគ្នា សម្តេចតេជោ ក៏បានផ្តល់នូវការណែនាំទៅសម្តេចពិជ័យសេនា ត្រូវពិនិត្យអំពីលក្ខណៈដែលកើតមានដោយមេទាហានខេត្ត បើមានបញ្ហាដែលរកឃើញ គឺត្រូវតែមានការដកតំណែងដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង