ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ១នាក់ ពីបទហឹង្សាប្រព្រឹត្តដោយ សហព័ទ្ធ និងប្រើប្រាស់សារធាតុញៀន

94

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៥២នាទី នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំទិសមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រើប្រាស់សារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ផល សៀក(ហៅ ម៉ាប់) ភេទ ស្រី អាយុ ២៣ឆ្នាំ រស់នៅក្នុងភូមិ/សង្កាត់កើតហេតុខាងលើ បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ភិន កុយ ភេទ ប្រុស អាយុ ២៤ឆ្នាំ ត្រូវជាប្តីរបស់ជនរងគ្រោះ និងជាមនុស្សញៀនគ្រឿងញៀន កន្លងជនសង្ស័យតែងតែរករឿងឈ្លោះទាស់ទែងក្នុងគ្រួសារ ហើយថែមទាំងវាយដំមកលើជនរងគ្រោះជាញឹកញាប់ រហូតជនរងគ្រោះទ្រាមិនបានក៏នាំកូនរត់ទៅរស់នៅជាមួយម្តាយបង្កើតរបស់ខ្លួន នៅថ្ងៃកើតហេតុជនសង្ស័យបានមករកខ្លួន ដើម្បីនាំកូនទៅលេងស្រុក តែខ្លួនមិនព្រមឲ្យ ក៏មានការប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យបានខាំដៃរបស់ជនរងគ្រោះ ហើយចាប់បោកផ្តួលទៅនឹងដី និងបានវាយជាច្រើនដៃចំផ្ទៃមុខរបស់ជនរងគ្រោះទៀតផង ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រើប្រាស់សារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង