ជនសង្ស័យចំនួន០២នាក់ សកម្មខាងលួចគ្រឿងសង្ហារឹមតាមផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប ត្រូវបានបង្ក្រាបហើយ
ក្រុងសៀមរាប: នឹកក្របាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅថ្ងៃទី 18 មេសានេះ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០១៩ វេលាម៉ោង០២:២២នាទីរំលងអាធ្រាត្រ នៅក្នុងបរិវេណ បុរីសៀងណាំ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្ត សៀមរាប មានករណីអំពើលួច(លួចគ្រឿងសង្ហារឹម) បង្ករឡើងដោយជនសង្ស័យចំនួនពីរនាក់ បានធ្វើសកម្មភាព ប្រើប្រាស់ រទេះរ៉ឺម៉ក ចូលទៅលួចដឹក យកតុឈើ ម៉ូតធម្មជាតិ របស់ជនរងគ្រោះឈ្មោះឈិញ ឈួង ភេទ ប្រុស អាយុ៣៥ឆ្នាំរស់នៅក្នុងភូមិកើតហេតុ ។
ក្រោយពីដឹងបាត់គ្រឿងសង្ហាររិម ជនរងគ្រោះ បានឆែកមើលកាមេរ៉ា សុវត្ថិភាព ឃើញមានជន សង្ស័យចំនួន០២នាក់បានលួចយកទ្រព្យសម្បត្តិរបស់គាត់ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ។
បន្ទាប់ពីទទួុលបាន ពាក្យបណ្ដឹង របស់ជនរងគ្រោះ នឹង ដោយមានការណែនាំពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោក វរសេនីយ៍ទោ នួនស័ក្កចំរើនរិទ្ធ អធិការងទទួលការងារព្រហ្មទណ្ឌ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ នឹងដាក់ការសង្ស័យកន្លែងសិប្បកម្មកែឆ្នៃឈើមួយកន្លែង ដែលជារបស់ឈ្មោះស៊ិន សុវណ្ណារិទ្ធ ហៅហួរ រួចហើយសហការណ៍គ្នា ជាមួយជនរងគ្រោះ ចុះទៅត្រួតពិនិត្យ ទើបដឹងថាជារបស់ដែលបាត់មាននៅក្នុងទីតាំងនេះ ពិតប្រាកដមែន។
យោងតាមរូបភាពនៅក្នុងវិដេអូកាមេរាសុវត្តិភាពនិង ដោយមានការឯកភាពពី លោកអធិការ នគរបាលជំនាញ យើង បាននាំខ្លួនជនសង្ស័យ ចំនួន០២នាក់ មកធ្វើការសាកសួរ ជនសង្ស័យទី០២/ឈ្មោះទិត្យ ម៉ៅ ហៅស្វិត ភេទប្រុស អាយុ២៩ ឆ្នាំស្នាក់នៅភូមិតាវៀន សង្កាត់សាលា កំរើក ក្រុង សៀមរាប ខេត្តសៀមរាប។ ជនសង្ស័យទី០១/ឈ្មោះឃន សុឃីម ភេទប្រុស អាយុ១៨ឆ្នាំ(មានទីលំនៅមិនពិតប្រាកដ) ។
ក្រោយពីសួរនាំជន សង្ស័យទាំងពីរនាក់ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចគ្រឿងសង្ហាររិមរបស់ជនរងគ្រោះពិតមែន ហើយរាល់ពេលលួចបានជនសង្ស័យបានយកគ្រឿងសង្ហាររិម មកលក់អោយឈ្មោះស៊ិន សុវណ្ណារិទ្ធ ហៅហួរ។ ក្រៅពីករណីនេះជនសង្ស័យទាំងពីរបានសារភាពបន្ថែមថាពួកគេបានធ្វើសកម្មភាពលួចជាងដប់ករណីកន្លងមកហើយ នឹងធ្លាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ផងដែរ ។
យោងតាម ពាក្យបណ្ដឹងរបស់ជនរងគ្រោះ និង ចម្លើយសារភាព ជនសង្ស័យ វត្ថុតាង ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕