ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងរៀបចំ សមយុទ្ធបាញ់គ្រាប់ពិត “ហនុមានមាស ២០១៩” នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី

159


ភ្នំពេញ៖ លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី 25 ខែមេសា ឆ្នាំ 2019 នេះ បានសរសេរលើហ្វេសប៊ុកផ្លូវការថា
សូមគោរព និងជម្រាបសួរ ប្រិយមិត្តលើបណ្តាញសង្គម Facebook សាធារណជនជាតិ និងអន្តរជាតិ ជាទីគោរពរាប់អាន ថា នៅដើមខែក្រោយនេះ កម្ពុជានឹងរៀបចំ សមយុទ្ធបាញ់គ្រាប់ពិត “ហនុមានមាស ២០១៩” នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។

លោកអ្នកនាំពាក្យបានបន្ថែមថា “ហនុមានមាស ២០១៩” ត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង បណ្តាជំនាញដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។ សមយុទ្ធនេះក៏ជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួចផងដែរ។ មួយវិញទៀត សមយុទ្ធហនុមានមាស នឹងជួយលើកកម្ពស់សមត្ថភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចក្នុងពេលប្រយុទ្ធថែមទៀត។

ពិធីបើកសមយុទ្ធបាញ់គ្រាប់ពិត “ហនុមានមាស ២០១៩” នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក។ ចំណែកពិធីបិទសមយុទ្ធដ៏សំខាន់នេះ នឹងធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។

សមយុទ្ធហនុមានមាស២០១៩ នឹងមានកម្លាំងយោធាចូលរួមចំនួន១៥៩៥នាក់ ដែលក្នុងនោះ មានមកពី បណ្តាជំនាញតាមអង្គភាព វិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានអង្គរក្ស ទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស វិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានបញ្ជូនសារ ក.ជ.គ កងពលតូចលេខ៧០ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បញ្ជាការដ្ឋានវិស្វកម្ម ក.ជ.គ ការិយាល័យទី៥ ក.ជ.គ ក្រុមគ្រូ ក្រុមសេនាធិការក្នុងទីបញ្ជាការ កងពលដឹកជញ្ជូនលេខ៩០ ឧទ្ទការល័យ ក.ជ.គ ផងដែរ។

ដោយឡែកសម្រាប់ អាវុធយុទ្ធភណ្ឌ ដែលនឹងប្រើប្រាស់ក្នុងសមយុទ្ធនេះ មានដូចជា កាំភ្លើងធំ១៥២មម និង១២២មម កាំភ្លើង២៣មម កាំភ្លើង៣៧មម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកជញ្ជូន ឧត្ថម្ភាគចក្រ ។ល។

ហនុមានមាស ២០១៩ ត្រូវបានធ្វើឡើងចំនួន៣លើករួចទៅហើយ ដោយលើកទី១នៅឆ្នាំ២០១០ លើកទី២ នៅឆ្នាំ២០១៣ លើកទី៣ នៅឆ្នាំ២០១៨។ ការហ្វឹកហ្វឺននេះ មិនបានគំរាមកំហែងដល់នរណាឡើយ ផ្ទុយទៅវិញការហ្វឹកហ្វឺននេះ មានគោលដៅពង្រឹងសមត្ថភាពកងទ័ពបន្ថែមទៀតប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្វឹកហ្វឺន ក្នុងស្រុកជុំគិរី ខេត្តកំពត កុំមានការភ្ញាក់ផ្អើលចំពោះការបាញ់សមយុទ្ធនេះ ហើយក៏ស្នើសុំបងប្អូនយោគយល់ បើសិនជាការធ្វើសមយុទ្ធមានសំឡេងរំខានមួយរយៈពេលខ្លី៕

អត្ថបទដែលជាប់ទាក់ទង