ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបទល្មើសគ្រឿងញៀន ឆ្នាំ២០១៨ ៦១១១ករណី ឃាត់ខ្លួន១១៧៩៥នាក់ គ្រឿងញៀន ៥១១គីឡូក្រាម

95

ភ្នំពេញ ៖ លទ្ធផលកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៨ សរុបរួម ៦១១១ករណី ឃាត់ខ្លួន១១៧៩៥នាក់ និង២២៣ដីកា និងឃាត់ខ្លួន២១២នាក់ មាន១៨ជនជាតិ វត្ថុតាងគ្រឿងញៀនចាប់យកទម្ងន់សរុប ៥១១គីឡូក្រាម។

មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ រៀបចំសន្និបាតបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានលើកឡើងថា ឆ្នាំ២០១៨នេះ ទាំងនៅក្នុងអនុតំបន់ តំបន់ និងអន្តរជាតិនៅតែបន្តទទួលរងឥទ្ធិពលនៃការផលិត ការចរាចរគ្រឿងញៀនពីតំបន់មួយទៅតំបន់មួយមានដូចជា តំបន់អាមេរិកខាងត្បូង តំបន់អាហ្វ្រិក តំបន់អាហ្វ្រិកខាងត្បូង តំបន់អឌ្ឍចន្ទមាស និងត្រីកោណមាសជាដើម។ ដោយឡែកសម្រាប់សកម្មភាពចរាចរគ្រឿងញៀនខុសច្បាប់ពាក់ព័ន្ធនិងកម្ពុជា ដោយបច្ចុប្បន្នប្រទេសកម្ពុជានៅតែបន្តរងឥទ្ធិពលប្រកបដោយគ្រោះថ្នាក់នៃការផលិតការចរាចរ ការជួញដូរ និងការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនដ៏គ្រោះថ្នាក់នេះ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអំពាវនាវដល់មន្រ្តីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ត្រូវខិតខំស្រាវជ្រាវ និងតាមចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់គ្រឿងញៀនឲ្យអស់ពីកម្ពុជា ជាពិសេសក្នុងនាមយើងជាមន្រ្តីអនុវត្តច្បាប់មិនត្រូវពាក់ព័ន្ធននឹងគ្រឿងញៀននោះឡើយ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ការងារបង្ក្រាបបទល្មើសគ្រឿងញៀន ជាលទ្ធផលបង្ក្រាបសរុបរួម ៦១១១ករណី ឃាត់ខ្លួន១១៧៩៥នាក់ (ស្រី៩៣៦នាក់) និង២២៣ដីកា ឃាត់ខ្លួន២១២នាក់ (ស្រី៨នាក់) បែងចែកប្រភេទតាមជនជាតិ មាន១៨ជនជាតិ។ វត្ថុតាងគ្រឿងញៀនចាប់យក សារធាតុញៀនមានទម្ងន់សរុប ៥១១គីឡូក្រាម ក្នុងនោះមាន៖ មេតំហ្វេតាមីនម្សៅក្រាម (ICE) ២៨២គីឡូក្រាម មេតំហ្វេតាមីនគ្រាប់ (WY) ៣,៨៦គីឡូក្រាម ហេរ៉ូអ៊ីន ២,៧គីឡូក្រាម កូកាអ៊ីន ៣,៤គីឡូក្រាម អ៊ិចស្តាស៊ី (MDMA) ១៨៨,៤គីឡូក្រាម កេតាមីន (Ketamine) ២៩,៨គីឡូក្រាម និងNimetazepam ២៨៤,៥៤ក្រាម ស្លឹកខាត ៣តោន ២២៧គីឡូក្រាម ប្រេងម្រះព្រៅភ្នំ ៦៣២គីឡូក្រាម កញ្ឆាក្រៀម៨៧,៤គីឡូក្រាម និងកាប់បំផ្លាញដំណាំកញ្ឆា ១១៣៩៦៨ដើម។

មធ្យោបាយ សម្ភារពាក់ព័ន្ធបទល្មើសបានចាប់យក ជញ្ជឹង២៦៨គ្រឿង អាវុធខ្លី១៦ដើម អាវុធវែង០២ដើម រថយន្ត៦៤គ្រឿង ម៉ូតូ១៨៧២គ្រឿង ទូរស័ព្ទ៤៤៦៨គ្រឿង លុយខ្មែរ៤១៤០៣១០០រៀល លុយអាមេរិក១៥៣៨៨ដុល្លារ លុយថៃ១២៥៧២៣បាត លុយវៀតណាម២៧២១០០០ដុង លុយចិន ២៤០០០យ៉េន លិខិតឆ្លងដែន១២ក្បាល និងឧបករណ៍វេចខ្ចប់គ្រឿងញៀនមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង