ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាលើកដំបូង ដែលតុលាការកោះហៅលោកសុខ ទូច

72

ភ្នំពេញ៖ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ កោះហៅលោក សុខ ទូច ឱ្យចូលខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ នាទីព្រឹក តាមបណ្តឹងរបស់គណបក្សខ្មែរក្រោកចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រកាសចូលឆ្លើយបំភ្លឺនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ តាមបណ្តឹងរបស់ គណបក្សខ្មែរក្រោក។

លោក សុខ ទូច បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook ថា៖ «វាជារឿងចម្លែកក្នុងជិវិតរបស់ខ្ញុំ ព្រោះមិនធ្លាប់ត្រូវបានតុលាការកោះហៅទេ តែពេលនេះ ត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកោះហៅតាមរយ:ដីកាកោះហៅចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ឱ្យចូលខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ នាទីព្រឹក តាមបណ្តឹងរបស់គណបក្សខ្មែរក្រោកចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ ទោះបីខ្ញុំមមាញឹករកពេលសម្រាកមិនបានក្នុងការបំពេញការងាររាជការ ក៏ខ្ញុំនឹងចូលខ្លួនតាមការកោះហៅនេះ»។

កាលពីឆ្នាំ២០១៨ លោក សុខ សុវណ្ណវឌ្ឍនា សារពង្ស ប្រធាន គណបក្ស ខ្មែរ ក្រោក បានប្រកាសប្តឹង លោក សុខ ទូច ដោយចោទថាបានធ្វើ អត្ថាធិប្បាយ ញុះញង់ ឲ្យ រាជរដ្ឋាភិបាល ចាប់ លោក ដាក់គុក ក្នុង សកម្មភាព ប្រមូល ស្នាម មេដៃ តវ៉ា យក កោះត្រល់ ដែល បាន បាត់បង់ ទៅ ឲ្យ វៀតណាម ។

លោក សុខ ទូច បានអះអាងថា រឿងកោះត្រល់នេះវាជារឿងច្បាប់ បើគណបក្សលោកសារពង្ស ស្នេហាជាតិមែន គួរតែដាក់ចេញជាគោលនយោបាយឃោសនាតាំងពីមុនបោះឆ្នោតម្ល៉េះ។ ទោះជាយ៉ាងណា លោកមិនព្រួយបារម្ភទេ សម្រាប់ការប្តឹងពីគណបក្សខ្មែរក្រោកនេះ ហើយលោកអះអាងថា លោកនឹងមានចំណាត់ការតវ៉ាផ្លូវច្បាប់ផងដែរ ដើម្បីតបទៅនឹងការបង្ខូចកិត្តិយសរបស់លោក។

លោក ម៉ាក ធីបុត្រ អនុប្រធានគណបក្សខ្មែរក្រោក
ចាត់ទុកទង្វេីរបស់លោកសុខទូច ជាការធ្វេីអោយយុទ្ធនាការស្នាមមេដៃមួយដេីម្បីកោះត្រល់រាំងស្ទៈព្រោះពលរដ្ឋភ័យខ្លាចមិនហ៊ានចូលរួមក្នុងយុទ្ធនាការនោះ ចំណុចនេះលោកសុខទូចត្រូវទទួលខុសត្រូវមុខប្រវត្តិសាស្ត្រ

លោកបានលេីកឡេីងថា ៖ ឥឡូវ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ល្មមស្គាល់តុលាការម្ដងហេីយ ដោយសារសម្ដីបណ្ឌិតរូបនេះគំរាមមកលេីយុទ្ធនាការរកស្នាមមេដៃ១ដើម្បីកោះត្រល់ ទេីបធ្វេីអោយមហាជនភ័យរអាចំពោះការចូលរួមផ្ដិតមេដៃបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋចំពោះបញ្ហាជាតិទឹកដី ! ជាហេតុនាំអោយយុទ្ធនាការរបស់គណបក្សខ្មែរក្រោកយឺតយ៉ាវមិនរលូនតាមការគ្រោងទុក

ការប្រឈមមុខចំពោះតុលាការជារឿងមួយផ្សេង តែការប្រឈមមុខនឹងប្រវត្តិសាស្ត្ររបស់លោកបណ្ឌិតរូបនេះជារឿងមួយផ្សឹង។ ដែលលោកត្រូវប្រឈមជាចាំបាច់បំផុតចំពោះយុទ្ធនាការជាតិនិយម

មិនគួរមានជនដែលចេះដឹងដូចលោកមកយកជេីងរាទឹកនោះទេ ជាច្រេីនដងណាស់ចំពោះសម្ដីវិភាគរបស់លោកមិនដែលផ្ដល់ការចំណេញដល់កម្ពុជាទេជាក់ស្ដែងដូចជាករណីលោកចោទ សម្ដេច ហេង សំរិន ថាបង្កេីតភូមិនៅលេីទឹកដីយួនជាពាក្យមិនគួរនិយាយ! មិនខុសពីករណីរារាំងដំណេីរការយុទ្ធនាការស្នាមមេដៃដេីម្បីកោះត្រល់នេះទេ ។

គូសបញ្ជាក់ផងដែរថា បណ្ដឹងរបស់គណបក្សខ្មែរក្រោកចំពោះលោក សុខទូច គឺ២ ករណី មានបទ ញុះញុង់អោយប្រព្រឹត្យបទឧក្រិដ្ឋជាអាទិ៍ និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ ! សូមពិនិត្យឡេីងវិញ ចំពោះកំហុសឆ្គងត្រង់ពាក្យ កុបកម្ម ! គណបក្សមិនបានប្ដឹងពីបទកុបកម្មនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង