ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទប់ស្កាត់ការឆ្លងរាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក

125

(ភ្នំពេញ)៖ស្របពេលដែលជំងឺដ៏កាចសាហាវមួយដែលកំពុងរាតត្បាតលើសត្វជ្រូកនៅប្រទេសវៀតណាម ហើយជ្រូករបស់វៀតណាម បាននាំចូលជ្រូក មកទីផ្សាររបស់កម្ពុជា តាមច្រករបៀងព្រំដែន ដែលមានព្រំប្រទល់ជាមួយគ្នានោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសារាចរណែនាំ ស្តីពីវិធាការបន្ទាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រសួងបានដាក់វិធានការជាក់លាក់ និងម៉ឺងម៉ាត់ដូចខាងក្រោម៖ ១៖ ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតផលជ្រូកខុសច្បាប់គ្រប់ប្រភេទ ដែឆ្លងកាត់តាមច្រកព្រំដែន អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ និងពីខេត្តមួយទៅខេត្តមួយ ឬពីតំបន់មួយទៅតំបន់មួយទៀត ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសសមត្ថកិច្ចច្រកចេញចូលតាមព្រំដែន។ ក្នុងករណីមិនបានអនុវត្តត្រឹមត្រូវ ឬមានការថ្លោះធ្លោយដោយប្រការណាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តនោះ នឹងទទួលខុសត្រូវទាំងស្រុង ចំពោះមុខក្រសួងកសិកម្ម និងចំពោះមុខច្បាប់ជាធរមាន។ ២៖ ត្រូវបន្តការអនុវត្តវិធានជីវសុវត្ថិភាព ឲ្យបានហ្មត់ចត់នៅគ្រប់ កសិដ្ឋានចិញ្ចឹមជ្រូក ទីកន្លែងចិញ្ចឹមជ្រូក កន្លែងប្រមូលផ្តុំជ្រូក កន្លែងអាជីវកម្មជ្រូក និងសត្តឃាតដ្ឋាន ព្រមទាំងបង្កើនការតាមដាន ឃ្លាំមើល និងត្រួតពិនិត្យជាប្រចាំ លើសុខភាពជ្រូកទូទាំងប្រទេស និងចាត់វិធានការឲ្យទាន់ពេលវេលា ប្រសិនមានការសង្ស័យវត្តមាន នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ៣៖ ពង្រឹងការត្រួតពិនិត្យអានាម័យជ្រូក និងផលិតផលជ្រូកនៃតាមសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ឲ្យបានហ្មត់ចត់។ ៤៖ រាល់ការចរាចរសត្វជ្រូក និងផលិតផលជ្រូក ត្រូវមានវិញ្ញាបនបត្របសុព្យាបាលពីប្រទេសនាំចេញ និងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពសត្វ និងអនាម័យសត្វពីមន្ត្រីជំនាញបសុពេទ្យ ដោយកាត់សន្និធិលើចំណុចដើមទី និងចំណុចចុងទីឲ្យបានត្រឹមត្រូវ និងត្រូវធ្វើការផាកពិនិត្យស្របតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វជាធរមាន។ ៥៖ បង្កើតការអង្កេតតាមដាន ឃ្លាំមើលស្ថានភាពសុខភាពជ្រូកនៅតាមមូលដ្ឋាន កន្លែងចិញ្ចឹម និងតាមកសិដ្ឋានជាប្រចាំ។ ក្នុងករណីមានការសង្ស័យពីការកើតមាន ជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវចាត់វិធានការអនាម័យជាបន្ទាន់ ដោយហាមឃាត់ចរាចរជ្រូក ធ្វើការសម្លាប់មេរោគនៅនឹងកន្លែង និងតំបន់ជុំវិញ ព្រមទាំងត្រូវធ្វើការកម្ទេចចោល ឬធ្វើប្រព្រឹត្តកម្មនៅនឹងកន្លែង ស្របតាមវិធានការ បសុព្យាបាល និងតាមដានជាប្រចាំនៅតំបន់ជុំវិញ។ ជាមួយគ្នានេះដែរ ត្រូវប្រមូលសំណាក រួចបញ្ជូនមកមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីធ្វើការវិភាគបន្ថែម និងចាត់វិធានការបន្ត។ ៦៖ ត្រូវផ្សព្វផ្សាយ ឱ្យបានទូលំទូលាយតាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋ ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមជ្រូកគ្រប់កម្រិត ឱ្យមានការយល់ដឹងអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺឆ្លងសត្វផ្សេងទៀត ជំរុញការអនុវត្តជីវសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងជំរុញការចិញ្ចឹមជ្រូកដាក់ទ្រុង និងមានជីវសុវត្ថិភាពខ្ពស់ ព្រមទាំងធ្វើការណែនាំដល់អ្នកចិញ្ចឹមជ្រូកឲ្យជៀសវាងការប្រើប្រាស់កាក សំណល់អាហារ ឬកាកសំណល់ដែលមាន សាច់ជ្រូកពុំបានចម្អិនល្អជាចំណីផ្តល់ឱ្យជ្រូក។ ៧៖ បន្តការផ្សព្វផ្សាយ ដល់ប្រជាជន និងអ្នកចិញ្ចឹមជ្រូកឱ្យបានជ្រួតជ្រាបពីផលប៉ះពាល់ និងការខូចខាតផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរលើផលិតកម្មជ្រូក ដែលបណ្ដាលមកពីជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ។ ៨៖ ធ្វើការសហការ ឱ្យបានល្អជាមួយភាគីប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរព័ត៌មានទាក់ទង នឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក ចលនាជ្រូក និងផលិតផលជ្រូក ដើម្បីធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការឆ្លងរាលដាលជំងឺនេះ៕

អត្ថបទដែលជាប់ទាក់ទង