ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនកូនលោកជំទាវ ញ៉ែម មរកត ដែលផ្ទុះអាវុធ នៅក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ

120

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរលោក ថាន់ ឡេង បានចេញដីការបង្គាប់ឲ្យនាំខ្លួនឈ្មោះ វីន សុក្របញ្ញា អាយុ២៧ ឆ្នាំ យកទៅដាក់ពន្ធនាគារ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសទណ្ឌ នៅពេលក្រោយតាមកំណត់ច្បាប់ ករណីផ្ទុះអាវុធ នៅក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ។

នៅរសៀលម៉ោងប្រមាណ១៤និង០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យឈ្មោះ វីន សុក្របញ្ញា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោស តាមច្បាប់។ ហេតុការណ៍ដែលបង្ករឲ្យការការផ្ទុះអាវុធនេះកើតឡើងគឺបណ្តាលមកពីការ មិនស្វាគមន៍ក្នុងពេលជល់កែវស្រាគ្នា។
តាមការរៀបរាប់របស់ភាគីខាងរងគ្រោះ ក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថានៅយប់កើតហេតុ ក្រុមជនរងគ្រោះមានគ្នា០៩នាក់ (ប្រុស០៥ស្រី០៤) បានអង្គុយផឹកក្នុងក្លឹបលុចសារី ស្រាប់តែក្រោយមក ក្រុមជនសង្ស័យ មានគ្នា០២នាក់បានចូលមកផឹកស្រាក្នុងក្លឹបនោះដែរ តែអង្គុយផឹកនៅតុផ្សេង និង បានដើរមកជល់កែវជាមួយក្រុមជនរងគ្រោះ ព្រោះជនសង្ស័យស្គាល់នារីម្នាក់ក្នុងក្រុមនោះ ដោយប្រាប់ថា ជាប្អូនស្រីស្គាល់គ្នាយូរហើយ ក្នុងនោះមានបុរសម្នាក់ក្នុងក្រុម ជនរងគ្រោះ មិនបានលើកកែវជល់ស្វាគមន៍វិញទេ ហើយជនសង្ស័យក៏ត្រឡប់ទៅតុគេវិញ។ បន្ទាប់មកជនសង្ស័យនិងក្រុមជនរងគ្រោះបានទៅបន្ទប់ទឹកជួបគ្នា ក៏បង្កឲ្យមានការទំនាស់ពាក្យសម្តី និង ប្រតាយប្រតប់គ្នា រហូតឈានដល់ការផ្ទុះអាវុធបណ្តាលឲ្យផ្លាតត្រូវនារីរងគ្រោះម្នាក់ រងរបួសភ្លៅតែម្តង។

នៅខណៈម៉ោងប្រមាណ ១៦និង00នាទី ថ្ងៃទី29 ខែឧសភា ឆ្នាំ2019 ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកជំទាវ ញ៉ែម មរកត ដែលជាម្តាយ ជនសង្ស័យ បាននាំយកកូនមកដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ៕

អត្ថបទដែលជាប់ទាក់ទង