កម្ពុជានិង ទីម័រលេស ពង្រីកកិច្ចសហប្រតិបត្តិការរួមទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវិនិយោគ ទេសចរណ៍
ភ្នំពេញ៖ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសកម្ពុជានិងទីម័រលេស សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ថា យើងគប្បីប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងណាជំរុញនៅលើរាល់អ្វីដែលយើង អាចធ្វើបាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរួមទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវិនិយោគ ទេសចរណ៍ ។
នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Dionisio Babo Soares រដ្ឋមន្ត្រីការបរទេស នៃប្រទេសទីម័រលេស (Timor-Leste) នៅវិមានសន្តិភាព។
លោក Babo Soares បាននាំពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីលោក នាយករដ្ឋមន្ត្រី និង លោកប្រធានាធិបតីនៃប្រទេសទីម័រលេស គោរពជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក៏បានគោរពជម្រាបជូនសម្តេចតេជោថា រូបលោក មានការគោរព សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាខ្លាំងចំពោះវីរភាពដឹកនាំ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងប្រទេសកម្ពុជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ លោក Babo Soares បានមានប្រសាសន៍ថាគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសទីម័រលេសកាលពីឆ្នាំ ២០១៦ បានធ្វើឲ្យប្រទេសទីម័រលេសក៏ដូចជា ប្រជាពលរដ្ឋមានអារម្មណ៍ហាក់បីដូចជា ប្រទេសមួយមានសម្ព័ន្ធភាព ជាមួយកម្ពុជាដូចជាបងប្អូន ហើយជាងនេះទៅទៀត លោកបានគោរពថ្លែងអំណរគុណជូន ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ ចំពោះរាល់ការគាំទ្រទាំងឡាយ ដែលសម្ដេចតេជោបាន ផ្ដល់ឱ្យប្រទេសទីម័រលេស ។ លោក Babo Soares បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់រូបលោក មកព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីធ្វើនេះយ៉ាងណា រឹតចំណងមិត្តភាព និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខហើយ ក៏ថ្លែងអំណរគុណផងដែរចំពោះការទទួលយកចិត្តទុកដាក់ នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ដែលបានធ្វើដំណើរទៅប្រទេសទីម័រលេស កាលពីឆ្នាំ ២០១៦ កន្លងទៅ។ ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនោះ សម្ដេចតេជោបានកត់សម្គាល់ថា ប្រទេសទីម័រលេសបានត្រៀមខ្លួន បានយ៉ាងល្អ សម្រាប់ការចូលខ្លួនជាសមាជិកអាស៊ាន ទាំងការរៀបចំឲ្យមាន ស្ថានទូតនៅគ្រប់ប្រទេសទាំងអស់ នៅក្នុងបណ្តាលប្រទេសអាស៊ាន ក៏ដូចជាសមត្ថភាពរបស់មន្ត្រីរាជការ រួមទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសទីម័រលេសផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ថា យើងគប្បីប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណា ជំរុញនៅលើរាល់អ្វីដែល យើងអាចធ្វើបានដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរួមទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវិនិយោគ ទេសចរណ៍ ក៏ដូចជាវិស័យវប្បធម៌ជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវក្តីរីករាយផងដែរចំពោះ និស្សិតទីម័រលេសដែល នឹងត្រូវមកកាន់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលអាហាររូបករណ៍សិក្សា នៅប្រទេសកម្ពុជាចំនួន១០នាក់ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ឲ្យកាលពីឆ្នាំ២០១៦ កន្លងមកនេះ៕