ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងដែនដីចេញរបាយការណ៍ ពីការដោះស្រាយបញ្ហាដីធ្លី ដ៏រ៉ាំរ៉ៃ

107


ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ កាលពីថ្ងៃទី 5 ខែមិថុនា ឆ្នាំ ២០១៩ បានចេញរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការងារដីធ្លី ។ ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា គិតពីពេលចាប់ផ្ដើម រហូតដល់ដំណាច់ខែឧសភាឆ្នាំ 2019 ក្រសួងចេញប័ណ្ណកម្មសិទ្ធិបានចំនួន 5224248 ប័ណ្ណស្នើ៧៤,៦៣% នៃក្បាលដីប៉ាន់ស្មានសរុប 7 លានក្បាលដី។

ក្រសួងដដែលក៏បានលើកឡើង ពីការងារដោះស្រាយវិវាទដីធ្លី ដោយក្នុងនោះ ករណីវិវាទសរុប ដែលប្រជាពលរដ្ឋ ដាក់ពាក្យបណ្ដឹងទាំងនៅអាជ្ញាធរជាតិ នៅគណៈកម្មការសុរិយោដី និងនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មានចំនួន ១១៩៩៤ករណី ក្នុងនោះបានដោះស្រាយចប់ចំនួន ៩៨៧១ករណីនឹងកំពុងដោះស្រាយចំនួន២១២៣ករណី។

ការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករសនាំចេញក្នុងនៅខេត្តកោះកុង គឺដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនៅខេត្តកោះកុងពាក់ព័ន្ធនិងក្រុមហ៊ុនចំនួន 3 គឺក្រុមហ៊ុន koh kong plantation ក្រុមហ៊ុន koh kong sugar industry និងក្រុមហ៊ុនហេងហ៊ុយអភិវឌ្ឍន៍។ ការដោះស្រាយវិវាទបានបញ្ចប់ជាស្ថាពរ ជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំង 986 គ្រួសារ ក្នុងនោះក្រុមគ្រួសារប្រជាពលរដ្ឋ 175 គ្រួសារទទួលបានដីទំហំ 3 ហិចតានិងថវិកា 2500 ដុល្លារក្នុងមួយគ្រួសារស្ថិតនៅឃុំដងពែង ឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្ដាល ស្រុកបុទុមសាគរ។ ក្រុមប្រជាពលរដ្ឋ 200 គ្រួសារទទួលបានដីទំហំ ១,៥ហិកតា ក្នុងមួយគ្រួសារ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល។ ក្រុមប្រជាពលរដ្ឋ 585 គ្រួសារទទួលបានថវិកា 3000ដុល្លារ និងដីទំហំ 2 ហិកតា ក្នុងមួយគ្រួសារ ស្ថិតនៅឃុំដងពែង និងឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្ដាល ស្រុកបុទុមសាគរ ក្នុងនោះមានប្រជាពលរដ្ឋចំនួន 33គ្រួសារ មិនអាចកំណត់អត្តសញ្ញាណបាន។ បាទដោះស្រាយបញ្ចប់ជាមួយប្រជាពលរដ្ឋចំនួន 26 គ្រួសារ ដែលមានទំនាស់ជាមួយ ក្រុមហ៊ុនហេងហ៊ុយអភិវឌ្ឍន៍។
បច្ចុប្បន្នក្រសួងកំពុងដំណើរការនីតិវិធីចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ តែទទួលបានដំណោះស្រាយខាងលើ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយសម្រេចបានដូចខាងក្រោម គឺចេញប័ណ្ណកម្មសិទ្ធិជូនក្រុមប្រជាពលរដ្ឋ 75 គ្រួសារ បានចំនួន 182 ក្បាលដី លើចំនួន 185 ក្បាលដី។ ចេញប័ណ្ណកម្មសិទ្ធិ ជូនក្រុមប្រជាពលរដ្ឋ 200 គ្រួសារបានចំនួន 173 ក្បាលដី លើចំនួន 207 ក្បាលដី។ បានឈូសឆាយធ្វើផ្លូវចំនួន 3 ខ្សែប្រវែង 9300 ម៉ែត្រ នៅក្នុងទីតាំងដី ដែលបានផ្ដល់ជូនក្រុមប្រជាពលរដ្ឋ 585 គ្រួសារ និងបានវាស់វែងរួចក្បាលដីចំនួន 224 ក្បាលដី។

ចំណែកនៅខេត្តកំពង់ស្ពឺ ក្រុមហ៊ុនចំនួន 3 មានការពាក់ព័ន្ធនឹងវិវាទ ដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅស្ករស នាំចេញ រួមមាន ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើរ និងក្រុមហ៊ុនកំពង់ស្ពឺផ្លេនថេសិន ។ ក្រុមការងារទទួលបានចេញសលាកបត្រចំនួន 3349 សាលាកបត្រ។ គិតត្រឹមខែឧសភា ឆ្នាំ 2019 នេះ បានដោះស្រាយបញ្ចប់ បានចំនួន 203 គ្រួសារ ជាមួយនេះ បានសម្របសម្រួលរួច ជាមួយប្រជាពលរដ្ឋចំនួន 30គ្រួសារ និងកំពុងសម្របសម្រួល ជាមួយភាគីក្រុមហ៊ុន។ ចំពោះសាលាកបត្រ ដែលនៅសេសសល់ ក្រុមការងារកំពុងបន្តពិនិត្យសិក្សា។

រីឯនៅខេត្តព្រះវិហារវិញ ក្រុមហ៊ុនចំនួន 5 មានការពាក់ព័ន្ធ នឹងវិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ហើយប្រជាពលរដ្ឋចំនួន 287 គ្រួសារ បានមកបំពេញសាលាកបត្រពាក់ព័ន្ធនឹងដីទំហំ ១៦៤០,១៣ហិតតា។ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានធ្វើការសម្របសម្រួល បញ្ចប់វិវាទចំនួន 57 សាលាកបត្រ និងច្រានចោលចំនួន 230 សាលាកបត្រ។ ជនជាតិដើមភាគតិចចំនួន 3 សហគមន៍ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានតវ៉ាសុំចុះបញ្ជីដី ទំហំប្រមាណ២៨០០០ហិកតា ដែលអាចចាត់ចែងជូនបាន ដោយជាន់លើដីដែនជម្រកសត្វព្រៃដី របស់ប្រជាពលរដ្ឋ ដែលបានចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិរួច ដីឯកជនរបស់រដ្ឋ ដែលបានចុះបញ្ជីរួច និងផ្ដល់សិទ្ធិសម្បទានដីសេដ្ឋកិច្ច ជូនក្រុមហ៊ុនដំណាំអំពៅផលិតស្ករសនាំចេញ តំបន់លំនៅដ្ឋានប្រជាពលរដ្ឋ និងតំបន់រដ្ឋបាល ដូចជា សាលាឃុំ ការិយាល័យជំនាញជុំវិញស្រុក ជាដើម។

ក្រសួងរៀបចំដែនដី ក៏លើកឡើងពីខេត្តឧត្តរមានជ័យ គឺក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញចំនួន 3 និងបានប្រគល់ដីជូនរដ្ឋវិញ តាមលិខិតលេខ 283 សជណ ចុះថ្ងៃទី 13 ខែមីនាឆ្នាំ 2015 របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ ដោះស្រាយបានបញ្ចប់ជាស្ថាពរ ជូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធចំនួន 412 គ្រួសារ ដោយផ្ដល់ជូនដីសម្បទានសង្គមកិច្ច សរុបទំហំ១០២៨,៣៧ហិកតា ក្នុងនោះទំហំ 824 ហិកតា សម្រាប់បែងចែកឡូត៍ និងទំហំ២០៤,៣៧ ហិកតា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង។ ប្រជាពលរដ្ឋចំនួន 385 គ្រួសារ បានមកចាប់ឆ្នោត ទទួលយកដីរួច នៅសល់ 28គ្រួសារទៀត មិនអាចកំណត់អត្តសញ្ញាបាន៕

អត្ថបទដែលជាប់ទាក់ទង