ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បកស្លាកចេញ ក្រោយជនជាតិចិនយកឡូហ្គោ ក្រសួងព័ត៌មាន ទៅបិតលើកញ្ចក់រថយន្ត

43


ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៤ និង ៣៥ នាទីរសៀលថ្ងៃទី ៣ កក្កដា ឆ្នាំ ២០១៩ លោកប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានបញ្ជាក់ថា ស្លាកសញ្ញា ឡូហ្គោ ក្រសួងព័ត៌មាន ដែលជនជាតិចិន បានបិទពីក្រោយកញ្ចក់រថយន្ត ត្រូវបានបកចេញវិញហើយ។

លោកបានឲ្យដឹងបន្តថា ក្រោយទទួលបានព័ត៌មាន និងពិនិត្យឃើញម្ចាស់ព្រឹត្តិបត្រឈ្មោះ សីហនុវីលប៉ុស្តិ៍ បោះពុម្ភផ្សាយជាភាសាចិន ដែលមានស្នាក់ការស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់ប្រកាស(អាជ្ញាប័ណ្ណ) អនុញ្ញាតរបស់ក្រសួងព័ត៌មាន លេខ២១៤ ព.មប្រក ចុះថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩។

ក្រោយពីមន្ទីរព័ត៌បាន ចាត់មន្រ្តីឲ្យចុះទៅបកចេញ និងបានធ្វើការណែនាំ ពន្យល់មិនឲ្យម្ចាស់ព្រឹត្តិបត្ររូបនោះ ធ្វើបែបនេះ លើកក្រោយទៀតឡើយ។

បន្ទាប់ពីមានការណែនាំ ពីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន មន្រ្តីមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានចុះទៅការិយាល័យសារព័ត៌មាន Sihanouk Business Weekly ដើម្បីការណែនាំ និងបានបកសញ្ញា ឡូហ្គោរបស់ក្រសួងព័ត៌មាន ចេញពីរថយន្ត។

សូមជម្រាបជូនថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានជូនដំណឹងដល់លោក ហ្វីង ប៊ូសាង (ជនជាតិចិន) ដែលមានទីលំនៅភូមិ១ សង្តាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីបញ្ជាក់ជូនថា ក្រសួងព័ត៌មាន មិនដែល មានគោលការណ៍ឱ្យបិទឡូហ្គោក្រសួងលើរថយន្តឯកជននោះទេ។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានស្នើឲ្យលោក ហ្វីង ប៊ូសាង ដកឡូហ្គោក្រសួងព័ត៌មាន ដែលបិទលើរថយន្តម៉ាក Hilander ព័ណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-5912 ចេញជាបន្ទាន់ បើមិនដូច្នេះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។

គួរកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះ នៅមានបុគ្គលមួយចំនួន បាននឹងកំពុងប្រើប្រាស់ស្លាកលេខ «PRESS» ឬ ស្លាកលេខ «សារព័ត៌មាន» បំពាក់នៅលើយានជំនិះ ដែលទង្វើនេះ គឺផ្ទុយពីគោលការណ៍ណែនាំ របស់ក្រសួងព័ត៌មានទាំងស្រុង។

គួរកត់សម្គាល់ផងដែរថា នាពេលកន្លងមក លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា រថយន្តនិងម៉ូតូមួយចំនួន ដោយមានដាក់ផ្លាកលេខអ្នកកាសែត ឬក៏ផ្លាកសញ្ញាប្រេស ដែលតំណាងឲ្យស្ថាប័នកាសែតមួយចំនួននោះ គឺជាការខុសច្បាប់ ហើយលោក បានជំរុញឲ្យអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការ លើពួកអ្នកដាក់ផ្លាកលេខម៉ូតូ រថយន្ត ដោយខុសច្បាប់នេះ៕

អត្ថបទដែលជាប់ទាក់ទង