ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំឲ្យប្រទេសកាណាដា បន្តជួយដល់វិស័យសកម្មភាពមីន នៅកម្ពុជា

62

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួម ក្នុងកម្មវិធីអបអរសាទរ ខួបលើកទី១៥២ នៃបុណ្យជាតិកាណាដា នៅសណ្ឋាគា Raffle le Royal រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ហើយបានស្នើសុំឲ្យបន្តជួយដល់វិស័យមីន ដើម្បីសម្រេចបាន នូវគោលដៅកម្ពុជាមួយគ្មានមីន នៅឆ្នាំ២០២៥ខាងមុខ។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងថា កម្ពុជា និងកាណាដា កំពុងរីករាយជាមួយចំណង មិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនង ដ៏សំខាន់រវាងប្រទេស និងប្រជាជនទាំងពីរ ទាំងក្នុងវិស័យទ្វេភាគី និងចម្រុះភាគី រាប់បញ្ចូលទាំងការផ្លាស់ប្តូរដំណើរទស្សនកិច្ច សន្តិសុខ និងការការពារ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសកម្មភាពមីន។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ដល់រដ្ឋាភិបាលកាណាដា ដែលបាននឹងកំពុង ជួយដល់វិស័យមីន និងបានស្នើសុំឲ្យបន្តជួយដល់វិស័យនេះ ដើម្បីសម្រេចបាន នូវគោលដៅកម្ពុជា មួយគ្មានមីន នៅឆ្នាំ២០២៥ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង