ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុគ យក្សផ្លែទៅរួចជាមួយយ៉យ វណ្ឌីឬទេ ?

78

​ភ្នំពេញ:អ្នកប្រដាល់ថៃយ៉ត វណ្ឌី(Yorth Vandy)ឌែលមួយរយៈនេះគេចាញ់ងើបមុខលែងរួចនោះត្រូវបាន ដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់កម្ពុជាយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធលើសង្វៀនWurkzរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី៧កក្កដា ។

​នេះជាការប្រកួតសម្រាប់ប្រភេទទម្ងន់៥៧គីឡូក្រាម ។ វណ្ឌីជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ហើយ កណ្ដាប់ដៃនេះគេធ្លាប់ផ្ដួលអ្នកប្រដាល់កម្ពុជាម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ឲ្យសន្លប់នៅទឹកទី១ ។បន្ទាប់ពីជ័យ ជំនះដ៏អស្ចារ្យនោះមកអ្នកប្រដាល់ថៃរូបនេះជួបបរាជ័យញឹកញាប់ណាស់ ។​ចំពោះយក្សផ្លែជាអ្នកប្រដាល់ពូកែ ឌឺដងឲ្យគូប្រកួត ។ គេជាអ្នកប្រដាល់ចិត្តធំតែភាពអំណត់របស់គេមិនជាអស្ចារ្យឡើយ ។មួយរយៈនេះអ្នកប្រដាល់រូបនេះក៏ជួបបរាជ័យញឹកញាប់ដែរ ។ សម្រាប់ការប្រកួតមួយនេះទំនងជា គេត្រៀមខ្លួនបានល្អប្រសើរជាងលើកមុនហើយមើលទៅ ។

​យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៦៨ដង ឈ្នះ១៣៥ដង ចាញ់២៧ដង និងស្មើពិន្ទុ៦ដង ។ ចំពោះយ៉ត វណ្ឌីវិញ គេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៥៨ដង និងចាញ់១៨ដង ។ពួកគេពុំធ្លាប់ប្រកួតគ្នាពីមុនមកទេចាំមើលការប្រកួតនេះនរណាឈ្នះនរណាចាញ់ ?

លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះនួន ថាវ៉ាត់(Noun Thawath) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

​នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។មិនមាននរណាដឹងថាគេ ខ្លាំងឬខ្សោយឡើយតែកំណត់ត្រាប្រកួតរបស់គេល្អគ្រាន់បើ ។ គេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៦០ដង និងចាញ់ចំនួន៨ដង ។

​ចំពោះរដ្ឋាគេស្ទើរកំពស់ក៏ពិតមែនតែការវ៉ៃចេញរបស់គេធ្ងន់ហើយគេវ៉ៃមិនសូវចេះដកថយឡើយ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥០ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ជំនួបនេះមិនដឹងថាអ្នកប្រដាល់រូបណាជួបសំនាងល្អឡើយ ។

អត្ថបទដែលជាប់ទាក់ទង