ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការសិក្សាពីកុលាលភាជន៍ គឺដើម្បីដឹងពីជីវភាពរស់នៅ របស់មនុស្សបុរាណ

81

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបាឋកថាស្ដីពី «ប្រវត្តិនៃការស្រាវជ្រាវអង្គរធំ៖ ករណីសិក្សាអំពីកុលាលភាជន៍» ដោយមានលោក ហ្វីលីព ហូស៊ី (Philippe Husi) អ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ា និងលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ជាវាគ្មិន។ បាឋកថាដ៏កម្រនេះមានអ្នកចូលរួមប្រមាណ២០០នាក់ ដែលរួមមានមគ្គុទ្ទេសក៍ទេសចរណ៍ សាស្រ្ដាចារ្យ អ្នកស្រាវជ្រាវ យុវជននៃគម្រោងអប់រំបេតិកភណ្ឌ មន្រ្តីនិងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា។

លោក ហ្វីលីព ហូស៊ី បាននិយាយពីគម្រោងស្រាវជ្រាវ ម៉ូដាធំ (ModAThom) ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ានៅក្រុងអង្គរធំ ធ្វើឡើងក្នុងបំណងដើម្បីដឹងពីការវិវត្តន៍ប្រវត្តិសាស្រ្ដរបស់អង្គរធំផ្ទាល់ តើមានតាំងកំណើតពីពេលណាជាដើម។ ដើម្បីស្វែងយល់នូវសំណួរខាងលើ អ្នកសា្រវជ្រាវរូបនេះយល់ថាត្រូវសិក្សាអំពីកុលាលភាជន៍ដែលប្រទះឃើញពីការធ្វើកំណាយនៅជុំវិញក្រុងអង្គរធំព្រោះកុលាលភាជន៍គឺជាប្រភពដ៏សំខាន់ដើម្បីដឹងពីកាលបរិច្ឆេទ និងជីវភាពប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ។ ម្យ៉ាងវិញទៀត កុលាលភាជន៍ជាបុរាណវត្ថុដែលមិនងាយនឹងរងការបំផ្លិចបំផ្លាញ អាចនៅលើដីក្នុងរយៈពេលយូរឆ្នាំ ពិសេសកុលាលភាជន៍មានការវិវត្តន៍មិនឈប់ ដែលអាចឱ្យគេដឹងពីសកម្មភាពមនុស្សបានយ៉ាងងាយស្រួល។

បណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញផ្នែកកុលាលភាជន៍ បានឱ្យដឹងថា កុលាលភាជន៍ខ្មែរមាន២ប្រភេទ គឺប្រភេទរឹងនិងផុយ។ ចំណុចពិសេសរបស់កុលាលភាជន៍ខ្មែរគឺនៅត្រង់ដីនិងមានស្រទាប់រលោង។ ក្នុងនោះដែរ ក្បាច់លម្អរបស់កុលាលភាជន៍ខ្មែរ ក៏កាន់តែពិសេសជាងកុលាលភាជន៍នៅតំបន់អាស៊ីអាគ្នេយ៍ ហើយការគូរក្បាច់វិញ ខ្មែរជំនាន់នោះប្រើតែឈើឬឫស្សីតែប៉ុណ្ណោះ។

បណ្ឌិត អ៊ា ដារិទ្ធ បន្ថែមថាការសិក្សាពីរឿងនេះពិតជាមានសារសំខាន់ណាស់ដើម្បីដឹងពីជីវិតប្រចាំថ្ងៃរបស់មនុស្សសម័យបុរាណ ក៏ដូចជាប្រភេទមនុស្សដែលប្រើប្រាស់កុលាលភាជន៍ជាដើម។ សម្រាប់យើងជាអ្នកជំនាន់ក្រោយ គួរសិក្សាអំពីកុលាលភាជន៍ដែលបានប្រើនៅសម័យបុរាណដើម្បីយល់ពីអារ្យធម៌ខ្មែរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាសរុប ការសិក្សាពីកុលាលភាជន៍ គឺមានសារសំខាន់ណាស់ដើម្បីដឹងពីការរស់នៅរបស់មនុស្សសម័យបុរាណ ហើយត្រូវបានចាត់ទុកថាជាវត្ថុដ៏មានតម្លៃមួយក្នុងការសិក្សាស្រាវជ្រាវពីអតីតកាល។ កន្លងមក អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានធ្វើការសិក្សាស្រាវជ្រាវនៅតំបន់អង្គរតាមរយៈកំណាយច្រើនកន្លែងដើម្បីយល់កាន់តែច្បាស់ពីបញ្ហានេះ។ ជាលទ្ធផល គឺនៅសម័យអង្គរមានឡដុតកុលាលភាជន៍ដែលមានប្រវែងវែងជាងគេនៅតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទដែលជាប់ទាក់ទង