ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់បំពង់លូផ្លូវលេខ៥២៨មុខកាតទំហំ១,៥ម៉ែត្រ ប្រវែងជាង២០០ម៉ែត្រ ក្នុងតំបន់សង្កាត់បឹងកក់២ ជាគម្រោងការពារទឹកជំនន់ និងកែលំអ ប្រព័ន្ធប្រឡាយជំហានទី៤ របស់JICA

74
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ខណៈនេះបាននិងកំពុងធ្វើសកម្មភាពដាក់បំពង់លូលើផ្លូវលេខ៥២៨មុខកាតទំហំ១,៥ម៉ែត្រ ប្រវែងជាង២០០ម៉ែត្រ ភ្ជាប់ទៅលូជ្រុងផ្លូវលេខ៣៣៧ ក្នុងតំបន់សង្កាត់បឹងកក់២  ខណ្ឌទួលគោក រាជធានីភ្នំពេញ។
  លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី០៥ កក្កដា ២០១៩នេះថា ខណៈពេលនេះក្រុមការងារបាននិងកំពុងធ្វើសកម្មភាពដាក់បំពង់លូលើផ្លូវលេខ៥២៨មុខកាតទំហំ១,៥ម៉ែត្រ ប្រវែង ២៣៣ម៉ែត្រ ភ្ជាប់ទៅលូជ្រុងផ្លូវលេខ៣៣៧ ទំហំ ១,៥ម៉ែត្រ×២,៧ម៉ែត្រ ។
   លោកបានបន្តអោយដឹងថា ការដ្ឋាននេះ បានចាប់ផ្តើម កាលពីថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០១៩ ហើយគ្រោងនិងបញ្ចប់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៩ខាងមុខនេះ។ ការដាក់ប្រព័ន្ធលូនេះ មានសមត្ថភាពអាចទទួលយកទឹកភ្លៀងក្នុងតំបន់សង្កាត់បឹងកក់២ ចាប់ពីផ្លូវលេខ៣៧៧ , ផ្លូវ៥៦៦ ,ផ្លូវ ៥៩៨ , ផ្លូវ៣៥៥ និងផ្លូវលេខ៥១៦ ដែលនេះជាគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។
    គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA គម្រោងនេះនឹងអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង .២គីឡូម៉ែត្រ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង .៤គីឡូម៉ែត្រ។

សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC

តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង។

   ពាក់ព័ន្ធនឹងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហ៊ានទី៤នេះដែរ បើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកថា ម្រោងនេះគឺបានផ្តោតទៅលើការងារសំខាន់ៗ ដូចជា ការងាររំដោះទឹកចែកចេញ ដែលគោលបំណងធំឬអត្ថប្រយោជន៍ធំ ទទួលបាន នៅផ្នែកខាងជើងវត្តភ្នំ ពិសេសនៅតំបន់អមផ្លូវលេខ៤៧ ដោយចាប់ពីវត្តភ្នំរហូតទៅដល់រង្វង់មូលគួចកាណុង ដែលមានផ្ទៃប្រមាណជិត៧០ហិកតា ដែលនឹងត្រូវរៀបចំនិងគិតគូរឲ្យមានជាស្ថានីយ៍បូមទឹកមួយកន្លែង ដែលស្ថានីយ៍បូមទឹកនេះ ជាស្ថានីយ៍ទី៥ ស្របតាមមាត់ទន្លេ មានទីតាំងនៅទល់មុខសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (CDC) នៅក្នុងស្ថានីយ៍បូមទឹកនេះ នឹងរៀបចំឲ្យមានអាងស្តុកទឹកក្រោមដី ដែលមានសមត្ថភាពអាចស្តុកទឹកប្រមាណ៦.០០០ម៉ែត្រគូប មុននឹងធ្វើការបូមទម្លាក់ទឹកភ្លៀង ពីអាងស្តុកទឹកចូលទៅក្នុងទន្លេ។ បន្ថែមពីការរៀបចំស្ថានីយ៍បូមទឹកនេះ នឹងមានការដំឡើងជាម៉ាស៊ីនចាប់យកសំរាមដោយស្វ័យប្រវត្តិ ដែលកិច្ចការនេះជាចំណែកមួយនៃគម្រោងជំហ៊ានទី៤ ហើយគម្រោងនេះ នឹងយកទៅបំពាក់នៅគ្រប់ស្ថានីយ៍ទាំង៤ នៅជាប់មាត់ទន្លេ គឺស្ថានីយ៍បូមទឹកផ្សារចាស់ ស្ថានីយ៍ព្រះគម្លង់ ស្ថានីយ៍ផ្សារកណ្តាល និងស្ថានីយ៍ចតុមុខ ដែលជាស្ថានីយស្ថាបនារួចហើយ តាំងពីគម្រោងជំហ៊ានទី២មកម្ល៉េះ បន្ថែមឧបករណ៍កាយសំរាមដោយស្វ័យប្រវត្តិ នៅក្នុងស្ថានីយ៍ទាំង៤ លើគម្រោងជំហ៊ានទី៤នេះ អត្ថប្រយោជន៍នៃការសម្រួលផ្ទៃទឹក នៅក្នុងតំបន់ទួលគោកស្ថិតក្នុង សង្កាត់បឹងកក់១ សង្កាត់បឹងកក់២ ក្នុងគម្រោងនឹងមានការរៀបចំដាក់ប្រព័ន្ធបណ្តាញលូ ក្នុងទំហំ ចន្លោះចាប់ពី ២ម៉ែត្រទី២,៥០ម៉ែត្រ ចម្ងាយប្រមាណជិត៧គីឡូម៉ែត្រ និងការដាក់លូប្រអប់ប្រវែង១,៥គីឡូម៉ែត្រ។ គម្រោងទាំង២នេះ គឺអាចធ្វើការរំដោះឬដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង បានមួយភាគបន្ថែមទៀត នៅក្នុងតំបន់ខាងលើនេះ ហើយនេះជាចំណែកមួយនៃជំហ៊ានទី៤ នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ដែលនឹងត្រូវអនុវត្តន៍និងប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ៕

 

អត្ថបទដែលជាប់ទាក់ទង