ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ស្នើឲ្យសមាគម CATA ជំរុញឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍នៅខេត្តកំពតឱ្យបានច្រើន

61


កំពត ៖ ខេត្តកំពតបាននិងកំពុងពង្រីកសក្ដានុពលយ៉ាងសម្បូរបែបលើវិស័យទេសចរណ៍ ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិក៏ចេះតែកើនឡើងផងដែរ ប៉ុន្តែតំបន់ទេសចរណ៍ថ្មីៗនៅក្នុងខេត្តភាគនិរតីមួយនេះ ហាក់មិនទាន់ទទួលបានភ្ញៀវទេសចរច្រើននៅឡើយ ខណៈការរៀបចំខ្សែទស្សនកិច្ចភ្ញៀវ ទេស ចរណ៍ពីសំណាក់ក្រុមហ៊ុនទេសចរណ៍ ឬទីភ្នាក់ងារទេស ចរណ៍ ក៏ទាន់ត្រូវបានបង្កើតច្រើននៅឡើយដែរ។
ការលើកឡើងនេះត្រូវបាន ធ្វើឡើងក្នុងដំណើរទស្សនកិច្ចសិក្សាមួយ អំពីការអភិវឌ្ឍកសិទេសចរណ៍នៅរមណីយដ្ឋានកសិទេសចរណ៍នៅចម្ការម្រេច ដោយលើកឡើងរបស់លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេស ចរណ៍ ជូនភ្ញៀវជាតិនិងអន្ដរជាតិ ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្ត កំពត កាលពីអាទិត្យ៧កើតខែអាសាឍ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ។
ចំពោះការធ្វើដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្រោមវត្តមានលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេស ចរណ៍ និងលោក ថោង រដ្ឋស័ក្តិ អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង ទេសចរណ៍ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) លោក Nathalie CHABOCHE និងលោកស្រី ដែលជាម្ចាស់ចម្ការម្រេច ព្រមទាំងមានការចូលរួមពីសំណាក់ប្រធានមន្ទីរទេសចរណ៍-តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ជាច្រើនរូប។
លោក សយ ស៊ីណល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា៖ បច្ចុប្បន្ននៅខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ចំនួន ១៧កន្លែង សហគមន៍ទេសចរណ៍ចំនួន ៤កន្លែង និងគោលដៅទាក់ទាញខ្លាំងចំនួន ៤កន្លែង ប៉ុន្តែតំបន់ទេសចរណ៍ថ្មីៗមួយចំនួនទៀត នៅមិនទាន់មានការរៀបចំខ្សែទស្សនកិច្ចទេសចរណ៍នៅឡើយ។
លោក តុប សុភ័ក បានជំរុញឱ្យសមាគម CATA ធ្វើយ៉ាងណាបង្កើតឱ្យមានការសិក្សារៀបចំឱ្យមានខ្សែទស្សនកិច្ច មកកាន់តំបន់ទេសចរណ៍នានានៅខេត្តកំពតនេះផងដែរ ពិសេសគឺតំបន់ចម្ការម្រេច «ឡាផ្លេនថេសិន La Plantation» នេះតែម្ដង ពីព្រោះនៅតំបន់កសិទេសចរណ៍នេះ ពិតជាមានសក្ដានុពលខ្លាំងណាស់ដែរ។
ឆ្លើយតបនឹងសំណើខាងលើនេះ លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា៖ ដើម្បីរៀបចំឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍នៅតំបន់កសិទេសចរណ៍នេះបាន ចាំបាច់ត្រូវមានអ្នកជំនាញចុះមកសិក្សាឱ្យបានហ្មតចត់សិន ដើម្បីលម្អិតពីព័ត៌មាននានានៅតំបន់នេះ ងាយស្រួលក្នុងការពន្យល់ប្រាប់ក្រុមទេសចរណ៍។
ប្រធានសមាគម CATA រូបនេះ ក៏បានស្នើឱ្យម្ចាស់ និងអ្នកគ្រប់គ្រងក្នុងចម្ការម្រេចខាងលើ គប្បីរៀបចំឱ្យមានសេវា កម្ម និងមធ្យោបាយដើរទស្សនាកម្សាន្តបន្ថែម ម្យ៉ាងទៀតក៏ត្រូវបង្កើតឱ្យមានសេវាស្នាក់នៅជាមុនសិន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរដែលមកទស្សនានៅទីនេះ៕
ដោយ៖ សារិទ្ធី

អត្ថបទដែលជាប់ទាក់ទង