ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី អំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ ស្រលាញ់ដើមឈើ អោយដូចស្រលាញ់កូន ចៅនៅក្នុងក្រុមគ្រួសារ

210
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោកឃួង ស្រេង បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ស្រលាញ់ដើមឈើ អោយដូចស្រលាញ់កូន ចៅនៅក្នុងក្រុមគ្រួសារ និងបានណែនាំអោយប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងស្ថាប័នពាក់ព័ន្ធទំាងអស់រួមគ្នាថែរក្សាការពារដើមឈើនៅតាម ភូមិដ្ឋាន សាលារៀន វត្តអារ៉ាម តាមសួនច្បារ និងផ្លូវសាធារណៈអោយបានល្អ ព្រោះដើមឈើមាន គុណប្រយោជន៍យ៉ាងខ្លំាងសម្រាប់បរិស្ថាន និងមនុស្សជាតិ។
   លោកឃួង ស្រេងបានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវា៩កក្កដា  ដែលបានប្រារព្វធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកក្កដានេះនៅក្នុងបរិវេណវត្តនិគ្រោធវ័ន “ហៅវត្តគល់ទទឹង” ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
   លោកឃួង ស្រេង បានចាត់ទុកថា ដើម ឈើគឺជាធនធានធម្មជាតិដ៏សំខាន់ដែលបានបង្កើតគម្របបៃតង ហើយជួយកម្ចាត់ជាតិពុលនានា នៅ ក្នុងរាជធានីភ្នំពេញ។លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំឲ្យមេព្រៃក្នុងភូមិសាស្រ្តរាជធានី ភ្នំពេញ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវរួមគ្នាថែរក្សាដើមឈើដែលបានដាំហើយនៅក្នុងរាជ ធានីភ្នំពេញឲ្យបានល្អ ហើយត្រូវធ្វើរបាយការណ៍ពីស្ថានភាពដើមឈើទំាងនោះឲ្យបានជាប់ជាប្រចំា រៀងរាល់៦ខែម្តង ដើម្បីថែរក្សាការពារដើមឈើទំាងនោះឲ្យបានរីកលូតលាស់ល្អសម្រាប់កូនចៅជំនាន់ក្រោយទៀត។
    លោកអភិបាលបានបញ្ជាក់ថា ដើមឈើនេះវាជាអ្នកទ្រទ្រង់ដល់កូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅប្រកប ដោយចីរភាព នេះជាសារៈសំខាន់នៃដើមឈើ។ ដូច្នេះប្រជាពលរដ្ឋទំាងអស់ដែលធ្លាប់មានកូនចៅ ហើយស្រលាញ់កូនចៅរបស់ខ្លួន សូមអោយស្រលាញ់ដើមឈើប្រៀបបាននឹងកូនរបស់ខ្លួន។ ត្រូវថែ ទំាវាឲ្យបានល្អ ដាក់ជីពូនគល់និងស្រោចទឹកជាដើម ប្រៀបបានដូចទៅនឹងការបីបាច់ថែរក្សាកូនចៅ ក្នុងក្រុមគ្រួសារអញ្ចឹងដែរ។ យើងដឹងហើយថា បើកាលណាគ្មានដើមឈើទេ កូនចៅយើងជំនាន់ក្រោយក៏មិន អាចរស់នៅបានដែរ។
   ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ លោកចាន់ រិទ្ធី បានឲ្យដឹងថា  ដើម្បីអបអរសាទរទិវាដាំដើមឈើដែលជាប្រពៃណីជាតិឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបាន ដាំដើមឈើចម្រុះប្រភេទឈើគ្រញូង នាងនួន ធ្នង់ គគីរ ឈើទាល រាំងភ្នំ គីនីន ត្របែកព្រៃ ក្ងោក និងខ្ទរសរុបចំនួន ១៣៤៤ដើម នៅតាមវត្តអារាម សាលារៀន និងដងផ្លូវ សាធារណៈ។
   លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញក៏បានផ្តល់កូនឈើចម្រុះប្រភេទ ឈើគ្រញូង នាងនួន បេង ធ្នង់ គគីរ ឈើទាល គីនីន រាំងភ្នំ រាំងទឹក ស្វាយ និងខ្ទរ សរុបប្រមាណ ៤២០០ដើម ដើម្បីប្រគេនព្រះសង្ឃនិងចែកជូនបងប្អូនប្រជាពលរដ្ឋមកពីរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីយកទៅដាំនៅតាមទីវត្តអារាមដងផ្លូវទីសាធារណៈ និងលំនៅដ្ឋាននៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ។
    សូមបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍អបអរសាទរបុណ្យរុក្ខទិវាជារៀងរាល់ឆ្នាំ ដូចបណ្តាខេត្តដ៏ទៃដែរ ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋឲ្យរួមគ្នាការពារធនធានព្រៃឈើតាមព្រះរាជបវេណីដ៏គំរូរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះករុណាព្រះមហាវីរៈក្សត្រព្រះបរមរតនកោដ្ឋ៕
អត្ថបទដែលជាប់ទាក់ទង