ផ្លូវជាតិលេខ៥៥ (១៨០គម) គ្រោងស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាល ដាក់ដំណើរការជាផ្លូវការ ក្នុងពេលឆាប់ៗនេះ
ពោធិ៍សាត់៖ផ្លូវនេះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវជាតិលេខ៥៥ (១៨០គម)ជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួល និងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។ ជាពិសេសជាងនេះទៀត ផ្លូវនេះជួយធ្វើឱ្យប្រសើរ ឡើងដល់ការតភ្ជាប់រវាងកម្ពុជានិងបណ្តាប្រទេសជិតខាង ជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អមដោយតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពកំណាត់ផ្លូវជាតិ លេខ៥៥ ដែលសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋ ប្រជាមានិតចិន។
ផ្លូវប្រវែងជាក់ស្តែងសរុបចំនួន ១៨០គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ ស្ពានចំនួន៤៥ នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២,៨០ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវDBST គិតចាប់ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិ៍សាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។
គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយរហូត មកដល់ពេលនេះក្រុមហ៊ុនបានបញ្ចប់ការសាងសង់ ១០០ភាគរយ ហើយ ដោយប្រើប្រាស់រយៈពេលសាងសង់អស់ចំនួន៤២ខែ។
ការចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៥នេះ មានគោលបំណងពិនិត្យមើលចំណុចខ្វះខាតតិចតូច ដែលនៅសេសសល់ ដូចជា ការដាក់ភ្លើងសញ្ញាប្រុងប្រយ័ត្នជំនួសផ្លាកសញ្ញានៅត្រង់ចំណុចកែងខ្លាំង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវនេះងាយមើល និងមានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើជញ្ជាំងលើជម្រាលភ្នំការពារធ្លាក់ដី និងដុំថ្ម ការប្រមូលគ្រួសអណ្ដែតនៅលើថ្នល់ សំដៅជៀសឱ្យផុតពីគ្រោះថ្នាក់នានា ដោយយថាហេតុ ព្រោះថាផ្លូវនេះសណ្ដូកលើដងភ្នំមានការបត់បែនខ្លាំង ក៏ដូចជាការពិនិត្យលើបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាង សង់ធ្វើការកែសម្រួលបំពេញបន្ថែមលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវសំដៅធ្វើឱ្យផ្លូវនេះ មានគុណភាព រឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការដាក់ដំណើរការជាផ្លូវការ។
មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរ វិនិយោគិន និងការដឹកជញ្ជូនកើនឡើង ដែលជាកត្តា ជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការរីកចម្រើនសេដ្ឋកិច្ចជាតិកាត់បន្ថយភាព ក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕