តុលាការលើកនគរបាល៣នាក់ ដែលរត់ការដោះលែងជនជាតិចិនតៃវ៉ាន់ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ការវិញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់មន្ត្រីនគរបាល៣នាក់ ដែលពាក់ព័ន្ធនឹងករណីរត់ការ និងអន្ដរាគមន៍ឲ្យមានការដោះលែងជនជាតិចិនតៃវ៉ាន់ចំនួន១៨នាក់ ជាក្រុមចាប់ជំរិតតាម Online ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់ការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធដទៃផ្សេងទៀត។
សូមជម្រាបជូនថា ការចាប់ខ្លួនមន្រ្តីនគរបាលទាំងបីនាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ដោយកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជូនមន្ដ្រីនគរបាល៣នាក់ មានម្នាក់មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ និងវរសេនីយ៍ត្រី បម្រើការងារនៅក្នុងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀតជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ទើបតែចាប់ខ្លួនបាន នៅក្នុងឃ្លាំងមួយកន្លែង ក្នុងចម្ការស្វាយរបស់លោកមេធាវី ហេ ជីវអេង នៅក្នុងខេត្តកំពង់ស្ពឺ ទៅសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំដោយលោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចូលរួមពីលោក ឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងខេត្ត លោកឈឺន សុធន អភិបាលស្រុកបរសេដ្ឋ កងកម្លាំងនគរបាលជំនាញពាក់ព័ន្ធ បានប្រតិបត្ដិការជាក់ស្តែងនៅទីតាំងដីចំការស្វាយមួយកន្លែង ស្ដិតនៅក្នុងភូមិចា ឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការជាក់ស្តែងវេលាម៉ោង៩និង៣០នាទី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាល បានចូលឆែកឆេរទីតាំងដីចំការស្វាយ (ឃ្លាំងប្រក់សង្ក័សីទំហំ ៤០ គុណ ១០០ ម៉ែត្រ រកឃើញមនុស្ស ជនជាតិ ចិន ១៨នាក់ សញ្ជាតិ តៃវ៉ាន់ ១២នាក់ សម្ភារៈឧបករណ៍បច្ចេកទេសគ្រឿងបំពាក់Wifi កាមេរ៉ាសុវត្ថិភាពជុំវិញទីតាំង ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង ម៉ាស៊ីនភ្ជាប់ដុំWifi ៤គ្រឿង ទូរស័ព្ទចល័តដាក់លើតុខ្សែ ៣៣គ្រឿង ទូរស័ព្ទដៃប្រភេទចម្រុះ ៣៣គ្រឿង អាយផេត ៤គ្រឿង ម៉ាស៊ីនសឺវឺ មួយឈុត អង់តែនទាញសេវាទូរស័ព្ទ ឡាំងក្រដាសបិតស្នោការពារសំឡេងរំខានដាក់លើតុ ចំនួន២០ ម៉ាស៊ីនភ្លើងកម្លាំង 150LS ០២គ្រឿង ឯកសារភស្តុតាងភាសាចិន មានរូបថតជនជាតិចិន ឯកសារផ្ទេរប្រាក់តាមធនាគារ ឯកសារភស្ដុតាងរួមផ្សំមួយចំនួនជាច្រើនទៀត។ ដោយមានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម លោកនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកនាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្ដិសុខ និងមានកិច្ចសហការពីនគរបាលចិន ជនជាតិចិនទាំង១៨នាក់ បានសម្រេចបញ្ជូនខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធបទល្មើសឆបោកជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាVOIP ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដំណើរការចាត់ការតាមនីតិវិធីបន្ដជាមួយភាគីនគរបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
តាមការបញ្ជាក់ឲ្យដឹងពីឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចមូលដ្ឋានថាដីចំការស្វាយគឺជាកម្មសិទ្ធរបស់លោក ហេ ជីវ អេង មុខរបរជាមេធាវី បានជួលទៅឲ្យឈ្មោះរ័ត្ន ពិន្ទ (ជាតំណាងឈរឈ្មោះឲ្យបុគ្គលម្នាក់ទៀត នៅរាជធានីភ្នំពេញ មិនស្គាល់ឈ្មោះ) ក្នុងតម្លៃ ២២០០០ដុល្លារអាមេរិក។
បច្ចុប្បន្នជំនាញខេត្ត ស្នើសុំកិច្ចចង្អុលការក្នុងការដឹកនាំស្រាវជ្រាវរកអ្នកពាក់ព័ន្ធនិងករណីដែលផ្ដល់ទីតាំងរកអ្នកពាក់ព័ន្ធ និងករណីដែលផ្ដល់ទីតាំងជនជាតិចិត
ប្រព្រឹត្ដបទល្មើសនៅចំណុចខាងលើ ឲ្យជនជាតិចិនប្រព្រឹត្ដបទល្មើស នៅចំណុចខាងលើធ្វើការផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕