ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិញ ភារម្យបញ្ចប់ខ្លាចាស់ប៉ូ វ៉ាន់សក្តិទឹកទី២

143

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី១៤កក្កដាបានរកឃើញ ជើងខ្លាំង២រូបបន្ថែមទៀតហើយ ដើម្បីឡើងទៅប្រកួតជម្រុះបន្តនៅជុំទី ២ ។

​អ្នកប្រដាល់លិញ ភារម្យ ក្លិបភារម្យគុនខ្មែរ បានយកឈ្នះខ្លាចាស់ប៉ូ វ៉ាន់សក្តិ ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប មុនស្នូរជួងបញ្ចប់ទឹកទី២។ តាមពិតនរណាក៏អាចទាយដឹងមុនដែរថា វ៉ាន់សក្តិ ពុំមែនជាដៃគូរបស់ភារម្យដែរ ទោះបីកាលពីគេនៅក្មេង ក៏អ្នកប្រដាល់រូបនេះ មិនសូវជាមានឈ្មោះបោះសម្លេងណាស់ណាទេ ។

​តាមពិតវ៉ាន់សក្តិកែង និង ជង្គង់របស់គេល្អវ៉ៃ ចេញមានប្រសិទ្ធិភាពតែអ្នកប្រដាល់រូបនេះ មិនត្រឹមតែមានចិត្តតូចប៉ុណ្ណោះទេ សូម្បីតែភាពអំណត់របស់គេក៏ទាមដែរ ។ ចំពោះភារម្យជាអ្នកស្រករក្រោយមែន តែចិត្តរបស់គេធំខ្លាំងណាស់ មិនតែប៉ុណ្ណោះគេវ៉ៃ ដោយហ៊ានប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើត ។វ៉ាន់សក្តិ ហាលអាវត្រឹមនេះហើយ ក្នុងខណៈដែលលិញ ភារម្យដណ្ដើមបានកៅអីសម្រាប់ឡើង ប្រកួតជម្រុះបន្តនៅជុំទី២ទៀត ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់ជើងថ្មីកូយ ឡាយ ក្លិបទ័ពឆ័ត្រយោង៩១១ បានយកឈ្នះអ្នកប្រដាល់ជើងចាស់លាប សំណាង ក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។ ​ជាមួយនឹងជ័យជំនះនេះ កូយ ឡាយបានផ្ដល់កាដូឲ្យលាប សំណាង នូវរបួសលើក្បាលនៅទឹកទី៣ ដោយមានទាំងឈាមហូរមកជាមួយទៀតផង ។លាប សំណាង ខ្ទាតចេញពីការប្រកួតត្រឹមជុំទី១នេះ ឯ កូយ ឡាយបានកក់កៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី២ទៀត ។

​ពេលនេះក្នុងចំណោមអ្នកប្រដាល់៣២រូប ដែលចូលប្រកួតវគ្គជម្រុះជុំទី១ មាន១២រូប ហើយដែលបានកក់កៅអី ដើម្បីប្រកួតជម្រុះនៅជុំទី២ ហើយក៏មាន១២រូបដែរ ដែលខ្ទាតចេញពីការប្រកួត ។ ការប្រកួតជាមិត្តភាពជាមួយថៃនោះ អ្នកប្រដាល់រឿង សារ័ត្នប្រកួត បានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃផាត ឆា(Phat Cha) ។ សូមបញ្ជាក់ថា ផាត ឆានេះធ្លាប់ផ្ដួលមាស ច័ន្ទមាន សមាគមប្រដាល់ក្រសួងការពារជាតិ ឲ្យសន្លប់នៅទឹកទី៣ ។

​ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ឡាញ់ ផល្លាក្លិបអេភូថងកីឡា ប្រកួតចាញ់អ្នកប្រដាល់មាឃ សុវណ្ណារ៉ា ក្លិបខេត្តរតនគីរីដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង